អ៉ីស្រាអែល សម្លាប់ប្រមុខយោធាក្រុមហេសបូឡា ក្នុងការវាយប្រហារលើទីក្រុងបេរូត (Video inside)

24-11-2025 09:01

(បេរូត)៖ អ៉ីស្រាអែលបានសម្លាប់ប្រមុខយោធារបស់ក្រុមហេសបូឡា នៅក្នុងការវាយប្រហារលើអគារមួយកន្លែងក្នុងទីក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ដែលត្រូវបានរាយការណ៍ថាមានមនុស្ស ៥នាក់ត្រូវបានសម្លាប់។ នេះជាការអះអាងរបស់យោធាអ៉ីស្រាអែល ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Haytham Ali Tabatabai ជាមេបញ្ជាការជាន់ខ្ពស់បំផុតម្នាក់របស់ក្រុមហេសបូឡា ដែលត្រូវបានអ៉ីស្រាអែលសម្លាប់ចាប់តាំងពីមានបទឈប់បាញ់ដ៏ផុយស្រួយមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤មក។ តាមក្រសួងសុខាភិបាលលីបង់ ការវាយប្រហាររបស់អ៉ីស្រាអែលបានសម្លាប់មនុស្ស៥នាក់ និង២៨នាក់រងរបួស ហើយក្រុមហេសបូឡាក៏បានទទួលស្គាល់ដែរថាលោក Tabatabai ពិតជាត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល។

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថាអ៉ីស្រាអែលនឹងមិនអនុញ្ញាតឱ្យក្រុមហេសបូឡាកសាងអំណាចឡើងវិញបាននោះទេ និងបានអំពាវនាវឱ្យ រដ្ឋាភិបាលលីបង់អនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការរំសាយអាវុធក្រុមហេសបូឡា។ ការវាយប្រហាររបស់អ៉ីស្រាអែលបានធ្វើឡើងលើតំបន់ Haret Hreik ស្ថិតនៅជាយភាគខាងត្បូងនៃទីក្រុងបេរូត។

គួរបញ្ជាក់ថា នេះជាការវាយប្រហារលើកទី៥របស់អ៉ីស្រាអែលលើជាយភាគខាងត្បូងនៃទីក្រុងបេរូត ចាប់តាំងពីមានបទឈប់បាញ់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤មក និងកើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ មុននឹងសម្ដេចប៉ាប Leo XIV គ្រោងយាងបំពេញទស្សនកិច្ចទៅកាន់លីបង់៕