លោក Netanyahu ប្តេជ្ញាមិនឱ្យក្រុមហាម៉ាស និងក្រុមហេសបូឡា ប្រមូលផ្តុំកម្លាំងឡើងវិញ (Video inside)
24-11-2025 11:09
(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា អ៉ីស្រាអែលនឹងធ្វើគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបញ្ឈប់ក្រុមហេសបូឡាពីការប្រមូលផ្តុំកម្លាំងឡើងវិញនៅលីបង់ និងមិនឱ្យក្រុមហាម៉ាសប្រព្រឹត្តសកម្មភាពដែលធ្លាប់បានធ្វើ នៅក្នុងតំបន់ហ្កាហ្សាទៀតឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។
លោក Netanyahu បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តី យ៉ាងដូច្នេះថា «យើងកំពុងបន្តវាយប្រហារភេរវករ នៅតាមជួរមុខមួយចំនួន។ សប្តាហ៍នេះយោធាអ៉ីស្រាអែល (IDF) បានវាយប្រហារទៅក្នុងប្រទេសលីបង់ ហើយយើងនឹងបន្តធ្វើគ្រប់យ៉ាងដែលចាំបាច់ ដើម្បីទប់ស្កាត់ហេសបូឡាពីការប្រមូលផ្តុំកម្លាំងជាថ្មី ដែលគំរាមកំហែងដល់ពួកយើង»។ លោក Netanyahu បន្ថែមថា «យើងក៏នឹងធ្វើដូចគ្នានៅហ្កាហ្សាដែរ ចាប់តាំងពីមានបទឈប់បាញ់ ហាម៉ាសមិនបានបញ្ឈប់អំពើហិង្សានោះទេ ហើយយើងគ្រាន់តែធ្វើតាមក្រោយប៉ុណ្ណោះ»។
គួរបញ្ជាក់ថា បទឈប់បាញ់អ៉ីស្រាអែល-លីបង់ សម្រេចបានកាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមការជួយពីអ្នកសម្រុះសម្រួលចំនួន ៥ រួមទាំងសហរដ្ឋអាមេរិក។ រីឯបទឈប់បាញ់ចុងក្រោយរវាងអ៉ីស្រាអែល និងហាម៉ាស បានចូលជាធរមានកាលពីខែមីនា ឆ្នាំ ២០២៥ ខណៈភាគីទាំងសងខាង នៅតែចោទប្រកាន់គ្នាពីការបំពានទៅវិញទៅមក៕







