ជោគវាសនាពលរដ្ឋភៀសខ្លួនអ៊ុយក្រែន នៅសហរដ្ឋអាមេរិក ស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដំណើរការកម្មវិធីមនុស្សធម៌ ត្រូវបានពន្យារពេល (Video inside)

24-11-2025 11:58

(វ៉ាស៉ីនតោន)៖ យោតាមទិន្នន័យពីរដ្ឋាភិបាលអាមេរិក ដែល Reuters ទទួលបាន ការពន្យារពេលដំណើរការរបស់រដ្ឋបាលលោក ត្រាំ លើកម្មវិធីមនុស្សធម៌សម្រាប់ជនជាតិអ៊ុយក្រែន ដែលចាប់ផ្តើមក្រោមអាណត្តិអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើឱ្យមនុស្សជិត ២០០ ០០០នាក់ ប្រឈមហានិភ័យនៃការបាត់បង់ឋានៈជាជនអន្តោប្រវេសន៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។

កម្មវិធីមនុស្សធម៌ដែលដាក់ចេញក្នុងខែមេសា ឆ្នាំ២០២២ អនុញ្ញាតឱ្យជនជាតិអ៊ុយក្រែនជិត ២៦០ ០០០នាក់ ចូលទៅក្នុងសហរដ្ឋអាមេរិក សម្រាប់រយៈពេលពីរឆ្នាំដំបូង។ រដ្ឋបាលលោក ត្រាំ បានផ្អាកដំណើរការពាក្យសុំ និងការបន្តកម្មវិធីមនុស្សធម៌សម្រាប់អ៊ុយក្រែន កាលពីខែមករា ដោយលើកឡើងពីហេតុផលសន្តិសុខ។ ចំនួនជនជាតិអ៊ុយក្រែន ដែលរងផលប៉ះពាល់ដោយការពន្យារពេលនេះ មិនត្រូវបានគេរាយការណ៍ពីមុនមកទេ។

លោកស្រី Kateryna Golizdra ដែលជាពលរដ្ឋអ៊ុយក្រែនម្នាក់ បានឱ្យដឹងថា លោកស្រីកំពុងរង់ចាំរដ្ឋបាលលោក ត្រាំ សម្រេចជោគវាសនាកម្មវិធីមនុស្សធម៌ ដែលនឹងអនុញ្ញាតឱ្យអ្នកភៀសខ្លួនចេញពីសង្គ្រាមនៅអ៊ុយក្រែន អាចរស់នៅ និងធ្វើការក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែដំណាលគ្នានេះ លោកស្រីក៏ប្រឈមនឹងការចាប់ខ្លួ

ន ពីសំណាក់អាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធផងដែរ។

Reuters បានជួបសម្ភាសន៍ជាមួយជនជាតិអ៊ុយក្រែនចំនួន ២០នាក់ ដែលបានបាត់បង់លិខិតអនុញ្ញាតការងារ និងការងាររបស់ពួកគេ ដោយសារតែការពន្យារដំណើរការផ្តល់ការបន្តសុពលភាព។ មនុស្សមួយចំនួនទៀតនិយាយថា ពួកគេបារម្ភថាអាចត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាមេរិក។ រីឯអ្នកផ្សេងទៀតថាពួកគេកំពុងស្នាក់នៅក្នុងផ្ទះ ឬបានចាកចេញពីអាមេរិកទៅកាណាដា អឺរ៉ុប និងអាមេរិកខាងត្បូង។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ បានឱ្យដឹងថា ចំនួនជនភៀសខ្លួនអ៊ុយក្រែនទៅកាន់សហរដ្ឋអាមេរិក គឺជាចំណែកតូចមួយប៉ុណ្ណោះនៃជនភៀសខ្លួនអ៊ុយក្រែនចំនួន ៥.៩លាននាក់ទូទាំងពិភពលោក។ ក្នុងនោះមាន ៥.៣លាននាក់នៅអឺរ៉ុប៕