អាមេរិក ថាទទួលបានវឌ្ឍនភាពល្អក្នុងកិច្ចពិភាក្សាអំពីផែនការសន្តិភាព ជាមួយអ៊ុយក្រែន (Video inside)

24-11-2025 13:15

(វ៉ាស៉ីនតោន)៖ នាថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា សេតវិមានបាននិយាយថា កិច្ចពិភាក្សានៅឯប្រទេសស្វីស ជុំវិញផែនការដើម្បីបិទបញ្ចប់​សង្រ្គាមនៅអ៊ុយក្រែន ទទួលបានការបោះជំហានធំមួយឆ្ពោះទៅមុខ ហើយទីក្រុងវ៉ាស៉ីនតោន បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាព នៅពេលសម្រេចបាន នឹងគោរពយ៉ាងពេញលេញ ចំពោះអធិបតេយ្យរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានដឹកនាំប្រតិភូអាមេរិក ជួបជាមួយក្រុមមន្រ្តីអ៊ុយក្រែននិងអឺរ៉ុប នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអាទិត្យ ដើម្បីព្យាយាមកំណត់ឱ្យបានច្បាស់ អំពីផែនការដើម្បីបញ្ចប់សង្រ្គាម ដែលបានផ្ទុះឡើងកាលពី​ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទុកពេលឱ្យអ៊ុយក្រែន ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ដើម្បីទទួលយកផែនការរបស់លោក។ ប៉ុន្តែទីក្រុងកៀវ ចង់ឱ្យមានការកែសម្រួលទៅលើសំណើផែនការដើមនោះ ដែលមានលក្ខខណ្ឌហាក់លម្អៀងទៅខាងរុស្ស៉ីខ្លាំង ដូចជាការតម្រូវឱ្យអ៊ុយក្រែនលះបង់ទឹកដីបន្ថែម កាត់បន្ថយកម្លាំងកងទ័ព និងសន្យាមិនចូលរួមក្នុងអង្គការ NATO ជាដើម។

សេចក្តីថ្លែងការណ៍រួមរវាងអាមេរិកនិងអ៊ុយក្រែន ក្រោយកិច្ចពិភាក្សានៅស្វីស ដែលចេញដោយទីក្រុងវ៉ាស៉ីនតោន បាននិយាយថា ជាលទ្ធផលនៃការពិភាក្សាគ្នានោះ ភាគីទាំងអស់បានឯកភាពគ្នាលើ គ្រោងផែនការសន្តិភាពមួយ ដែលត្រូវបានកែសម្រួលបន្ថែមឱ្យ​កាន់តែល្អ។

បើតាមខ្លឹមសារសេចក្តីថ្លែងការណ៍ខាងលើ កិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យ ទទួលបានវឌ្ឍនភាពយ៉ាងវិជ្ជមាន ឆ្ពោះទៅរកការតម្រឹមគោលជំហរឱ្យស៉ីគ្នា និងកំណត់ជំហានបន្ទាប់ទៀតដែលច្បាស់ៗ។ មិនតែប៉ុណ្ណោះ អាមេរិកនិងអ៊ុយក្រែន បានយល់ស្របដូចគ្នាថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលសម្រេចបាននាពេលអនាគត នឹងគោរពយ៉ាងពេញលេញ ចំពោះ​អធិបតេយ្យរបស់អ៊ុយក្រែន ហើយនាំមកនូវសន្តិភាពដែលមានយុត្តិធម៌ និងឋិតថេរយូរអង្វែង។

ជាចុងក្រោយ សេចក្តីថ្លែងការណ៍របស់សេតវិមាន បានអះអាងថា លោក Rubio និងក្រុមមន្រ្តីអាមេរិក បានគូសបញ្ជាក់យ៉ាងមុតមាំ ​អំពីការប្តេជ្ញារបស់ទីក្រុងវ៉ាស៉ីនតោន ដើម្បីធានាថាអធិបតេយ្យ សន្តិសុខ និងវិបុលភាពនាពេលអនាគតរបស់អ៊ុយក្រែន នៅតែជារឿងសំខាន់បំផុត៕