រុស្ស៉ីប្រើដ្រូនវាយប្រហារលើទីក្រុង Kharkiv របស់អ៊ុយក្រែន សម្លាប់មនុស្ស៤នាក់ និងបង្កឱ្យរបួស១៧នាក់ (Video inside)
24-11-2025 13:48
(កៀវ)៖ អភិបាលទីក្រុង Kharkiv របស់អ៊ុយក្រែន បានឱ្យដឹងថា ទីក្រុងនេះ បានទទួលរងការវាយប្រហារធំមួយដោយដ្រូនរបស់រុស្ស៉ី កាលពីថ្ងៃអាទិត្យកន្លងទៅ ដែលបានសម្លាប់មនុស្ស៤នាក់ និងបង្កឱ្យរបួស១៧នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
បណ្តាញសេវាសង្រ្គោះបន្ទាន់នៅទីក្រុង Kharkiv បានឱ្យដឹងថា ការវាយប្រហារនោះ បានកើតឡើងលើខណ្ឌចំនួន២របស់ទីក្រុង ហើយបណ្តាលឱ្យមានគ្រោះអគ្គិភ័យ និងការបំផ្លិចបំផ្លាញចំពោះអគារជាច្រើនខ្នង។ ទីក្រុង Kharkiv ដែលមានទីតាំងស្ថិតនៅចម្ងាយត្រឹម ៣០គីឡូម៉ែត្រពីព្រំប្រទល់រុស្ស៉ី ធ្លាប់បានទ្រាំទ្រការប៉ុនប៉ងវាយដណ្តើមកាន់កាប់របស់រុស្ស៉ី កាលពីអំឡុងពេលដំបូងនៃការឈ្លានពានរបស់រុស្ស៉ី ហើយចាប់តាំងពីពេលនោះមក បានក្លាយជាគោលដៅមួយ ដែលរងការវាយប្រហារជាញឹកញាប់តាមផ្លូវអាកាស។
គួរបញ្ជាក់ថា ការវាយប្រហារថ្មីចុងក្រោយខាងលើ កើតមានឡើងស្របពេលដែល ក្រុមមន្រ្តីអាមេរិក អ៊ុយក្រែន និងអឺរ៉ុប បានស្ថិតនៅប្រទេសស្វីស ដើម្បីពិភាក្សាអំពីសំណើផែនការសន្តិភាព ដែលផ្តួចផ្តើមដោយទីក្រុងវ៉ាស៉ីនតោន ដើម្បីបិទបញ្ចប់សង្រ្គាមរយៈពេលជិត ៤ឆ្នាំមកនេះនៅអ៊ុយក្រែន ដែលបានផ្ទុះឡើងដោយសារការឈ្លានពានរបស់រុស្ស៉ី៕






