ប្រព័ន្ធសារព័ត៌មានជប៉ុន៖ ការដែលលោកស្រី Sanae Takaichi កាន់មុខតំណងជានាយករដ្ឋមន្ត្រីជប៉ុន ប្រហែលអាចបង្តជាវិបត្តិស្លាប់រស់របស់ជប៉ុនហ្នឹងឯង (Video inside)
24-11-2025 16:47
(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានប្រើពាក្យសម្តីបង្កហេតុ ពាក់ព័ន្ធបញ្ហាតៃវ៉ាន់យ៉ាងកម្រោលនៅរដ្ឋសភា ដោយបានអះអាងថា បើ “តៃវ៉ាន់មានរឿង ” ប្រហែលនឹងបង្កជា “វិបត្តិស្លាប់រស់របស់ជប៉ុន” ដែលជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារជាសមូហភាព ព្រមទាំងនិយាយបញ្ឆិតបញ្ឆៀងអំពី លទ្ធភាពជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធ ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកម្រោល ។ ទាក់ទងនឹងរឿងនេះ ប្រព័ន្ធសារព័ត៌មានជប៉ុនជាច្រើនបានចេញផ្សាយវិចារណាកថាព្រមៗគ្នាដើម្បីសម្តែងការរិះគន់ ។
កាសែត «Shakai Shimpo»នៃប្រទេសជប៉ុនបានចេញផ្សាយវិចារណាកថា ថា ការប្រើប្រាស់កងស្វ័យការពារដ៏សកម្ម ហាក់បីដូចជាគោលជំហររបស់លោកស្រី Sanae Takaichi ជាប់រៀងរហូតមក ក៏ប៉ុន្តែក្នុងនាមជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ការដែលលើរឿង នេះឡើងយកពិគ្រោះយ៉ាងសាមញ្ញបែបនេះ ពិតជានឹងត្រូវរងការរិះគន់ថា ជាទង្វើឆេវឆាវមួយ។ ហើយទង្វើនេះត្រូវបានចាត់ទុកជា ការរុញស្ថានការឱ្យមានភាពតានតឹងដោយចេតនា។ ការដែលលោកស្រី Sanae Takaichi កាន់មុខតំណងជានាយករដ្ឋមន្ត្រីជប៉ុន ប្រហែលអាចបង្កទៅជាវិបត្តិស្លាប់រស់របស់ជប៉ុន។
កាសែត «Tokyo Shimbun»បានចេញផ្សាយវិចារណាកថាក្រោមចំណងជើងថា «“ប្រទេសមានសន្តិភាព ទើបជាយុទ្ធសាស្ត្ររបស់ប្រទេសជាតិ”» ដោយបានលើកឡើងថា បើសិន ជាជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារជាសមូហភាព និងកន្លងហួសដែនសកម្មភាពការពារ ព្រមទាំងក្លាយទៅជាប្រទេសដែលមានគំរាមកំហែងយោធា ដល់ប្រទេសផ្សេងទៀត តាមរយៈការលើកកម្ពស់យ៉ាងខ្លាំងក្លានូវថវិកាការពារជាតិ រហូតដល់លះបង់ចោល “គោលការណ៍ចំនួនបីស្តីពី ការគ្មានអាវុធនុយក្លេអ៊ែរ” នោះជប៉ុនប្រហែលនឹងបាត់បង់ទំនុកចិត្តលើឆាកអន្តរជាតិដែលខ្លួនទទួលបាន ក្រោយសង្រ្គាមលោកលើកទីពីរ ព្រមទាំងបង្កផលវិបាកដល់ផលប្រយោជន៍របស់ប្រទេសជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន




