ចិនរិះគន់ផែនការរបស់ជប៉ុន ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៉ីល នៅកៀកកោះតៃវ៉ាន់ (Video inside)

24-11-2025 17:10

(ប៉េកាំង)៖ នាថ្ងៃចន្ទនេះ ចិនបានថ្កោលទោសការសម្រេចចិត្តរបស់ជប៉ុន ក្នុងការបន្តទៅមុខនូវផែនការដាក់ពង្រាយប្រព័ន្ធមីស៉ីល នៅលើកោះមួយរបស់ខ្លួន ដែលនៅកៀកនឹងកោះតៃវ៉ាន់ ស្របពេលដែលប្រទេសទាំងពីរ កំពុងស្ថិតក្នុងជម្លោះការទូតយ៉ាងតានតឹង ​អស់រយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុន បានស្រង់សម្តីរដ្ឋមន្រ្តីការពារជាតិ លោក Shinjiro Koizumi ដែលបាននិយាយថា ផែនការដាក់ពង្រាយប្រព័ន្ធមីស៉ីលនៅកោះ Yonaguni ដែលមានចម្ងាយនៅកៀកនឹងកោះតៃវ៉ាន់ កំពុងបន្តទៅមុខដោយមិនមានបញ្ហាអ្វីទេ។ លោក Koizumi បានបន្ថែមទៀតថា ការដាក់ពង្រាយនេះ អាចកាត់បន្ថយលទ្ធភាព នៃការវាយប្រហារប្រដាប់អាវុធមកលើប្រទេសជប៉ុន។

នាថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន បាននិយាយថា ការដាក់ពង្រាយមីស៉ីលរបស់ជប៉ុន គឺជាការប៉ុនប៉ងដោយចេតនា ដើម្បីបង្កើត​ភាពតានតឹងនៅក្នុងតំបន់ ហើយបង្កហេតុឱ្យមានការប្រឈមមុខគ្នាផ្នែកយោធា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបន្តថា បូករួមជាមួយការអត្ថាធិប្បាយដ៏ខុសឆ្គងស្តីពីតៃវ៉ាន់ របស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi និន្នាការនេះមានភាពគ្រោះថ្នាក់ជាខ្លាំង ហើយទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីបណ្តាប្រទេសជិតខាង ក៏ដូចជា​ពី​សហគមន៍អន្តរជាតិ។

គួរបញ្ជាក់ថា កន្លងមក ទីក្រុងតូក្យូធ្លាប់បានប្រកាសអំពីផែនការ ដាក់ពង្រាយប្រព័ន្ធមីស៉ីលហៅថា Type-03 Chu-SAM នៅកោះ Yonaguni របស់ខ្លួន ដើម្បីការពារប្រឆាំង ការវាយប្រហារដោយមីស៉ីល និងយន្តហោះចម្បាំង។ ក្នុងខែវិច្ឆិកានេះ ទំនាក់ទំនង​រវាងទីក្រុងប៉េកាំងនិងទីក្រុងតូក្យូ បានធ្លាក់ចុះដុនដាបជាខ្លាំង បន្ទាប់ពីលោកស្រី Takaichi បានលើកឡើងថា ជប៉ុនអាចនឹង​ធ្វើអន្តរាគមន៍យោធា ក្នុងករណីដែលចិនសម្រេចបើកការវាយលុកលើតៃវ៉ាន់៕