លោក Wang Yi៖ អ្នកដឹកនាំរបស់ជប៉ុនបច្ចុប្បន្ន បានបំពានខ្សែបន្ទាត់ក្រហមដែលមិនគួរឆ្លងកាត់បាន

24-11-2025 18:00

(ប៉េកាំង)៖ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាននិងតាជីគីស្ថាន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានចូលរួមកិច្ចសន្ទនាជាយុទ្ធសាស្ត្ររបស់រដ្ឋមន្រ្តីការបរទេស ព្រមទាំងបានធ្វើការផ្លាស់ប្តូរដ៏មេត្រីភាព ជាមួយអ្នកដឹកនាំនៃប្រទេសទាំងបី។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច លោក Wang Yi បានផ្តល់បទសម្ភាសន៍ជាមួយ ប្រព័ន្ធសារព័ត៌មានចិន។

មានអ្នកសារព័ត៌មានសួរថា៖ ក្នុងឯកសារនយោបាយដែលចេញផ្សាយ ជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី ក្នុងអំឡុងដំណើរទស្សនកិច្ចលើកនេះ ប្រទេសអាស៊ីកណ្តាលសុទ្ធតែបានសង្កត់ធ្ងន់ថា ប្រកាន់ខ្ជាប់គោលការណ៍ចិនមួយ យ៉ាងមុតមាំ។ តើលោកមានការអធិប្បាយយ៉ាងដូចម្តេចចំពោះការនេះ?

លោក Wang Yi បានឆ្លើយតបថា កាផ្តល់ការគាំទ្រយ៉ាងមុតមាំដល់គ្នាទៅវិញទៅមក ក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ ជាស្នូល នេះជាសច្ចធម៌នៃសហគមន៍រួមជោគវាសនា រវាងចិននិងអាស៊ីកណ្តាល។ ប្រទេសទាំងបីបានសង្កត់ធ្ងន់ដោយចំហថា នៅលើពិភពលោក មានចិនតែមួយ តៃវ៉ាន់ជាចំណែកមួយរបស់ចិនដែលមិនអាចកាត់ផ្តាច់បាន ប្រឆាំង “ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ទោះតាមទម្រង់ណាក៏ដោយ គាំទ្រយ៉ាងមុតមាំដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ របស់រដ្ឋាភិបាលចិនដើម្បីសម្រេចបាននូវ ការបង្រួបបង្រួមជាតិ។

លោក Wang Yi បានគូសបញ្ជាក់ថា អ្នកដឹកនាំរបស់ជប៉ុនបច្ចុប្បន្ន បានបញ្ចេញដោយចំហនូវសញ្ញាខុសឆ្គង ដែលប៉ុនប៉ងជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ ដោយប្រើកម្លាំងអាវុធ ប្រទេសចិនចាំបាច់ត្រូវវាយតបវិញ ជាដាច់ខាត ដើម្បីគាំពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសចិនផង និងគាំពារសមិទ្ធផលក្រោយពីសង្គ្រាមលោកលើកទីពីរ ដែលទទួលបានដោយពលីអាយុជីវិតនិងឈាមស្រស់ផង ក៏ដូចជាគាំពារសច្ចធម៌អន្តរជាតិ និងសតិសម្បជញ្ញៈរបស់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន