ប្រធានាធិបតីកូរ៉េខាងត្បូងព្រមានថា ស្ថានការណ៍ជាមួយកូរ៉េខាងជើង «គ្រោះថ្នាក់ខ្លាំង» និងអាចផ្ទុះអាវុធបានគ្រប់ពេល

24-11-2025 18:38

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង (Lee Jae Myung) បានព្រមាននៅថ្ងៃចន្ទនេះថា កូរ៉េទាំងពីរកំពុងស្ថិតក្នុង «ស្ថានភាពគ្រោះថ្នាក់ខ្លាំង» ដែលការប៉ះទង្គិចគ្នាដោយចៃដន្យអាចកើតឡើងបានគ្រប់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap។

លោក លី បានលើកឡើងថា កូរ៉េខាងជើងកំពុងបដិសេធមិនឆ្លើយតបការហៅទូរស័ព្ទរបស់សេអ៊ូល និងកំពុងសាងសង់របងលួសបន្លានៅតាមបណ្តោយព្រំដែនយោធា ដែលជារឿងមិនធ្លាប់កើតមានចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ មកម្ល៉េះ។

លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ទំនាក់ទំនងអន្តរកូរ៉េបានក្លាយទៅជាអរិភាព និងប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង...ហើយភាគីខាងជើងកំពុងបង្ហាញឥរិយាបថជ្រុលនិយមបំផុត»

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានស្នើឱ្យមានកិច្ចពិភាក្សាយោធាជាមួយកូរ៉េខាងជើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីកំណត់ព្រំដែនច្បាស់លាស់នៅតាមបណ្តោយខ្សែបន្ទាត់កំណត់ព្រំដែនយោធា (MDL) ដើម្បីការពារការប៉ះទង្គិចគ្នាប្រដាប់អាវុធ។ ប៉ុន្តែមកទល់ពេលនេះ ទីក្រុងព្យុងយ៉ាងមិនទាន់បានឆ្លើយតបនៅឡើយទេ៕