យោធាអ៊ីស្រាអែល បណ្តេញឧត្តមសេនីយ៍៣រូប និងដាក់វិន័យមន្ត្រីកំពូលៗ ជុំវិញការបរាជ័យថ្ងៃទី៧ តុលា

24-11-2025 19:47

(ហ្សេរុយសាឡឹម)៖ យោធាអ៊ីស្រាអែលបានប្រកាសជាផ្លូវការនូវការបណ្តេញឧត្តមសេនីយ៍ចំនួន ៣រូប និងចាត់វិធានការវិន័យលើមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ដោយសារការបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីខែតុលា ឆ្នាំ២០២៣ ដែលជាការវាយប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

បញ្ជីឈ្មោះឧត្តមសេនីយ៍ដែលត្រូវបានបណ្តេញចេញ រួមមានមេបញ្ជាការកងពលចំនួន ៣រូប ដែលក្នុងនោះម្នាក់ធ្លាប់បម្រើការជាប្រធានចារកម្មយោធា។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អ្នកទាំងបីត្រូវទទួលខុសត្រូវផ្ទាល់ចំពោះការបរាជ័យនេះ។ ទោះបីជាពួកគេបានលាលែងពីតំណែងរួចហើយក្តី ក៏ការបណ្តេញចេញជាផ្លូវការនៅតែត្រូវបានធ្វើឡើង។

ក្រៅពីនេះ វិធានការវិន័យក៏ត្រូវបានប្រកាសដាក់លើមេបញ្ជាការកងទ័ពជើងទឹក និងកងទ័ពអាកាស ព្រមទាំងឧត្តមសេនីយ៍ ៤រូប និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ថា របាយការណ៍ស៊ើបអង្កេតផ្ទៃក្នុងដែលចេញផ្សាយកាលពីដើមខែនេះ បានរកឃើញថាមាន «ការបរាជ័យជាប្រព័ន្ធ» នៅក្នុងយន្តការយោធា។ ការស៊ើបអង្កេតបានកត់សម្គាល់ពី «ការបរាជ័យផ្នែកចារកម្ម» ក្នុងការប្រកាសអាសន្ន ទោះបីជាមាន «ព័ត៌មានពិសេស និងគុណភាពខ្ពស់» នៅក្នុងដៃក៏ដោយ ព្រមទាំងបានរិះគន់ដំណើរការធ្វើសេចក្តីសម្រេចចិត្តដ៏ខ្សោយនៅយប់ថ្ងៃកើតហេតុផងដែរ៕