អឺរ៉ុប សន្យាបន្តផ្តល់លុយ និងអាវុធដល់អ៊ុយក្រែន ខណៈកិច្ចចរចាសន្តិភាពមាន «សន្ទុះថ្មី»

24-11-2025 20:24

(លូអង់ដា)៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (Antonio Costa) បានសន្យានៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុប (EU) នឹងបន្តគាំទ្រអ៊ុយក្រែនទាំងផ្នែកហិរញ្ញវត្ថុ និងយោធា ខណៈដែលលោកបានសាទរចំពោះ «សន្ទុះថ្មី» នៅក្នុងកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅរដ្ឋធានីលូអង់ដា ប្រទេសអង់ហ្គោឡា លោក កូស្តា បានបញ្ជាក់ថា «សហភាពអឺរ៉ុបប្តេជ្ញាបន្តផ្តល់ឱ្យប្រធានាធិបតី ហ្សេលេនស្គី នូវរាល់ការគាំទ្រដែលលោកត្រូវការ ទាំងការទូត យោធា និងសេដ្ឋកិច្ច»។ លោកបានសង្កត់ធ្ងន់ជាពិសេសលើការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយរំលឹកថា មេដឹកនាំ EU បានយល់ព្រមកាលពីខែមុនដើម្បីរ៉ាប់រងតម្រូវការហិរញ្ញវត្ថុរបស់អ៊ុយក្រែនសម្រាប់រយៈពេលពីរឆ្នាំខាងមុខ ហើយនឹងផ្តល់ជូននៅក្នុងកិច្ចប្រជុំខែធ្នូ។

ទាក់ទងនឹងប្រភពថវិកា គណៈកម្មការអឺរ៉ុបបានស្នើឱ្យប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកនៅអឺរ៉ុប ដើម្បីផ្តល់ជា «កម្ចីសំណង» ដល់អ៊ុយក្រែន។ ទោះជាយ៉ាងណា ប្រទេសបែលហ្ស៊ិក ដែលរក្សាទុកទ្រព្យសម្បត្តិភាគច្រើននៅក្រុមហ៊ុន Euroclear បានទាមទារឱ្យមានភាពរឹងមាំផ្នែកច្បាប់ និងការចែករំលែកហានិភ័យក្នុងចំណោមសមាជិក EU ជាមុនសិន។

លោក កូស្តា ក៏បានកត់សម្គាល់ពីភាពវិជ្ជមាននៃកិច្ចចរចាសន្តិភាពផងដែរ ដោយលើកឡើងថា កិច្ចប្រជុំនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអាទិត្យ រវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងតំណាងអឺរ៉ុប បានបង្ហាញពី «វឌ្ឍនភាពដ៏សំខាន់»។ លោកបានទទួលស្គាល់ថា នៅមានបញ្ហាខ្លះត្រូវដោះស្រាយ ប៉ុន្តែ «ទិសដៅគឺមានភាពវិជ្ជមាន»៕