វិមានក្រឹមឡាំង បដិសេធសំណើសន្តិភាពរបស់អឺរ៉ុប ដោយថា «មិនអាចទទួលយកបានសម្រាប់រុស្ស៊ី»

24-11-2025 22:27

(មូស្គូ)៖ វិមានក្រឹមឡាំង បានប្រកាសនៅថ្ងៃចន្ទនេះថា សំណើរបស់អឺរ៉ុបដែលធ្វើឡើងដើម្បីតបតនឹងផែនការសន្តិភាព ២៨ចំណុចរបស់សហរដ្ឋអាមេរិក គឺ «គ្មានលក្ខណៈស្ថាបនា» និងមិនអាចដំណើរការសម្រាប់ទីក្រុងមូស្គូឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីសប្តាហ៍មុន សេចក្តីព្រាងផែនការសន្តិភាពរបស់អាមេរិកបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់អ៊ុយក្រែន និងមហាអំណាចអឺរ៉ុប ដោយសារវាហាក់ដូចជាបានទទួលយកការទាមទារស្នូលរបស់រុស្ស៊ីលើបញ្ហាអង្គការណាតូ និងទឹកដី។ ជាការឆ្លើយតប ផែនការរបស់អឺរ៉ុបបានធ្វើការផ្លាស់ប្តូរអត្ថន័យ និងសារៈសំខាន់នៃចំណុចគន្លឹះទាំងនោះ។

លោក យូរី អ៊ូសាកូវ (Yuri Ushakov) ជំនួយការនយោបាយការបរទេសនៃវិមានក្រឹមឡាំង បានប្រាប់អ្នកសារព័ត៌មានថា «ផែនការរបស់អឺរ៉ុប...គឺគ្មានលក្ខណៈស្ថាបនាទាំងស្រុង ហើយមិនដំណើរការសម្រាប់យើងទេ»។ ផ្ទុយទៅវិញ លោក អ៊ូសាកូវ បានបង្ហាញជំហរវិជ្ជមានចំពោះផែនការរបស់អាមេរិក ដោយបញ្ជាក់ថា «បទប្បញ្ញត្តិជាច្រើន ទោះបីមិនទាំងអស់ក្តី នៃផែនការនេះ ហាក់ដូចជាអាចទទួលយកបានសម្រាប់យើង»។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានព្រមានថា សំណើរបស់អាមេរិកអាចជាមូលដ្ឋាននៃដំណោះស្រាយ ប៉ុន្តែប្រសិនបើទីក្រុងកៀវបដិសេធ កងកម្លាំងរុស្ស៊ីនឹងរុលទៅមុខបន្ថែមទៀត៕