មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ថ្លែងអំណរគុណអ្នកឧកញា លាង ម៉េង ដែលចុះអន្តរាគមន៍ប្រមូលទិញស្រូវពីកសិករគ្រួសារកងទ័ពជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
24-11-2025 22:41
(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ តំណាងនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងកសិករជាគ្រួសារកងទ័ពនៅជួរមុខ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ជិបម៉ុងគ្រុប ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានចុះជួយអន្តរាគមន៍ប្រមូលទិញស្រូវពីកសិករជាគ្រួសារកងទ័ពជួរមុខ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសកម្មភាព ទិញ លក់ ស្រូវ រវាង កសិករជាគ្រួសារកង័ព និងក្រុមហ៊ុន ខ្មែរ បែវើរីជីស ប្រកបដោយភាពមមាញឹក និងសប្បាយរីករាយ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានសំដែងនូវការចូលរួមត្រេកអរសប្បាយរីករាយ ជាមួយកសិករជាគ្រួសារកងទ័ព ដែលបានលក់ស្រូវជូនក្រុមហ៊ុនក្នុងតម្លៃមួយខ្ពស់។
សូមបញ្ជាក់ថា ក្នុងឆន្ទៈគាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ បានចុះទៅ ទិញស្រូវដោយផ្ទាល់ដៃពីកសិករ នៅខេត្តព្រះវិហារ ចាប់តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការដឹកនាំពីអ្នកឧកញ៉ា លាង ម៉េង។
ក្រុមហ៊ុនកូនខ្មែរមួយនេះ បានបើកយុទ្ធនាការ ប្រមូលទិញស្រូវពីកសិករ ដែលជួបការលំបាកពិតប្រាកដ ជាពិសេសនៅតំបន់ខេត្តព្រះវិហារមុនគេ ដើម្បីជួយសម្រួលទុក្ខលំបាករបស់កសិករខ្មែរមានគ្រួសារជាកងទ័ពជួរមុខ កំពុងបំពេញភារកិច្ចការពារជាតិ។ក្នុងស្មារតី ខ្មែរជួយខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសទិញស្រូវក្នុងតម្លៃ ១,០០០រៀល/គីឡូក្រាម ចំនួន ៥,០០០តោន ពីគ្រប់បណ្តាប្រជាកសិករទាំងអស់ ទូទាំងប្រទេស។
នេះមិនត្រឹមជួយកសិករក្នុងរយៈពេលតែ ១ ឆ្នាំនោះទេ ប៉ុន្តែនឹងជួយប្រមូលទិញស្រូវ ៥,០០០តោន ជារៀងរាល់ឆ្នាំ ដើម្បីឱ្យកសិករខ្មែរ បន្តទទួលបានប្រាក់ចំណូលពីផលិតផលកសិកម្មរបស់ពួកគាត់ ធ្វើឱ្យកសិករយើងមានកម្លាំងចិត្តក្នុងការបង្កបង្កើនផល និងងាកមកដាំដុះពូជស្រូវខ្មែរឱ្យបានច្រើនឡើងវិញ។
ជាមួយនឹងស្មារតីចេះជួយគ្នាពេលគ្រាលំបាកនេះ ស្រូវដែលទិញបាន ក្រុមហ៊ុននឹងយកមកចែកចាយលក់នៅតាមបណ្តាផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត (Chip Mong Supermarket) ទាំង ១៥ ទីតាំង ទូទាំងព្រះរាជាណាចក្រកម្ពុជា នៅក្នុងតម្លៃដដែលដោយមិនគិតពីប្រាក់ចំណេញ ពោលគឺធ្វើយ៉ាងណាគាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក ជៀសផុតពីទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
ខ្មែរ ប៊ែវើរីជីស សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រផលិតផលក្នុងស្រុក ជាពិសេសស្រូវអង្ករខ្មែរឱ្យបានកាន់តែច្រើនតាមដែរអាចធ្វើបាន។ ការចូលរួមរបស់យើងទាំងអស់គ្នា នឹងជាកម្លាំងចលករធ្វើឱ្យកសិករខ្មែរមានជីវភាពកាន់តែល្អប្រសើរ និងជាជំហានថ្មីនាំសេដ្ឋកិច្ចកម្ពុជាកើនឡើងមួយកម្រិតទៀត៕
*ខ្មែរ ប៊ែវើរីជីស តែងតែនៅពីក្រោយគាំទ្រ ផលិតផលកសិករខ្មែរ!
*ខ្មែរជួយខ្មែរ!
*យើងទាំងអស់គ្នារួមគ្នាជាធ្លុងមួយលើកស្ទួយផលិតផលជាតិ!















