លោក ស៊ី ជីនពីង ប្រាប់លោក ត្រាំថាការត្រឡប់របស់តៃវ៉ាន់ទៅក្រោមការគ្រប់គ្រងរបស់ចិន ជាស្នូលនៃសណ្ដាប់ធ្នាប់អន្តរជាតិក្រោយសង្រ្គាមលោកលើកទី២ (Video inside)
25-11-2025 09:19
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាថាការវិលត្រឡប់របស់តៃវ៉ាន់ មកនៅក្រោមការគ្រប់គ្រងរបស់ចិនវិញ គឺជាចំណុចស្នូលមួយនៃសណ្ដាប់ធ្នាប់អន្តរជាតិក្រោយសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
តាម Xinhua លោក ស៊ី ជីនពីង បានប្រាប់លោក ត្រាំ ថា «ចិន និងសហរដ្ឋអាមេរិកធ្លាប់ប្រកៀកស្មាគ្នាប្រយុទ្ធប្រឆាំងនឹងរបបហ្វាស៊ីស និងយោធានិយម ដូច្នេះឥលូវគួរតែធ្វើការជាមួយគ្នា ដើម្បីការពារថែរក្សាសមិទ្ធផលនៃសង្រ្គាមលោកលើកទី២»។ មន្ត្រីសេតវិមានម្នាក់បានទទួលស្គាល់ថាមេដឹកនាំនៃប្រទេសទាំង២ ពិតជាបានបើកកិច្ចសន្ទនាតាមទូរស័ព្ទប្រាកដមែន តែមិនបាន ផ្ដល់ព័ត៌មានលម្អិតឡើយ។ ការអត្ថាធិប្បាយរបស់លោក ស៊ី ជីនពីងខាងលើទៀតសោត ធ្វើឡើងចំពេលចិន និងជប៉ុនកំពុងមានជម្លោះការទូតនឹងគ្នា បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បាននិយាយថាប្រសិនបើចិនប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងកោះតៃវ៉ាន់ នោះជប៉ុនអាចនឹងធ្វើការឆ្លើយតបដោយយោធា។
ចិនបានចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន និងបានព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ ក្នុងករណីចាំបាច់។ តៃវ៉ាន់វិញបានច្រានចោលការអះអាង របស់ចិន ហើយថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលសម្រេចពីជោគវាសនារបស់តៃវ៉ាន់៕




