នាយករដ្ឋមន្ត្រីតៃវ៉ាន់៖ ការត្រឡប់ទៅរកចិនវិញ មិនមែនជាជម្រើសរបស់ប្រជាជនតៃវ៉ាន់ឡើយ (Video inside)
25-11-2025 09:33
(តៃប៉ិ)៖ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បាននិយាយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកាថាការវិលត្រឡប់របស់តៃវ៉ាន់ដែលមានប្រជាជនរស់នៅ ២៣លាននាក់ ទៅរកចិនវិញមិនមែនជា ជម្រើសនោះទេ ហើយនេះជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រាប់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាថាការវិលត្រឡប់របស់តៃវ៉ាន់ មកនៅក្រោមការគ្រប់គ្រង របស់ចិនវិញ គឺជាចំណុចស្នូលមួយនៃសណ្ដាប់ធ្នាប់អន្តរជាតិក្រោយសង្រ្គាមលោកលើកទី២។
ការអត្ថាធិប្បាយរបស់លោក ស៊ី ជីនពីងខាងលើទៀតសោត ធ្វើឡើងចំពេលចិន និងជប៉ុនកំពុងមានជម្លោះការទូតនឹងគ្នា បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បាននិយាយថា ប្រសិនបើចិនប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងកោះតៃវ៉ាន់ នោះជប៉ុនអាចនឹងធ្វើការឆ្លើយតបដោយយោធា។ លោកស្រី Takaichi ត្រូវបានរាយការណ៍ថានឹងត្រូវបើកកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយលោក ត្រាំ នៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ៕





