រដ្ឋបាលពិសេសហុងកុង ថាទំនាក់ទំនងជាមួយជប៉ុន ត្រូវតែស្របតាមសេចក្តីថ្លៃថ្នូររបស់ចិន (Video inside)
25-11-2025 11:11
(ហុងកុង)៖ មេដឹកនាំទីក្រុងហុងកុង លោក John Lee បាននិយាយកាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាថា រដ្ឋបាលពិសេសហុងកុង គាំទ្រគោលនយោបាយការបរទេស ចំពោះប្រទេសជប៉ុន ហើយមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ចិនមួយនេះ នឹងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ហើយចាត់វិធានការឆ្លើយតបឱ្យបានសមស្រប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Lee គូសបញ្ជាក់ថា «ការលើកឡើងដ៏ខុសឆ្គងទាំងនេះ ធ្វើឱ្យបរិយាកាសផ្លាស់ប្តូរទំនាក់ទំនង រវាងចិន និងជប៉ុនធ្លាក់ចុះយ៉ាងខ្លាំង។ វាធ្វើឱ្យយើងមានមន្ទិលសង្ស័យ ជុំវិញប្រសិទ្ធភាពនៃការផ្លាស់ប្តូរក្នុងវិស័យជាច្រើន»។
នេះជាការអត្ថាធិប្បាយលើកដំបូងដោយមេដឹកនាំនៃទីក្រុងហុងកុង ដែលបង្ហាញជាសាធារណៈលើភាពតានតឹងចិន-ជប៉ុន ក្នុងរយៈពេលជាងពីរសប្តាហ៍។ តាមទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ហុងកុងបានផ្អាកធ្វើការជាមួយស្ថានកុងស៊ុលជប៉ុន។ លោក Lee មិនបានផ្តលចម្លើយច្បាស់ទាក់ទងការផ្អាកនេះទេ ប៉ុន្តែបាននិយាយថា ការសម្រេចចិត្តរបស់ទីក្រុងហុងកុង គឺផ្អែកលើសេចក្តីថ្លៃថ្នូររបស់ជាតិ និងផលប្រយោជន៍ប្រជាជន។
គួរបញ្ជាក់ថា ជប៉ុនជាទិសដៅទេសចរណ៍កំពូលមួយ សម្រាប់អ្នករស់នៅហុងកុង ដោយមានជើងហោះហើរប្រចាំថ្ងៃជិត ១៥០ ជាមួយទីក្រុងចំនួន ១៣របស់ជប៉ុន អំឡុងរដូវបុណ្យទានដូចជាចូលឆ្នាំចិនជាដើម។ ប្រជាជនហុងកុងប្រហែល ២.៦៨លាននាក់បានទៅលេងជប៉ុន កាលពីឆ្នាំមុន ដែលស្មើនឹង ៧.៣ភាគរយនៃភ្ញៀវទេសចរបរទេសសរុប៕




