សិង្ហបុរី នឹងបើកស្ថានទូតនៅអេត្យូពី ខណៈប្រទេសទាំងពីរ ស្វែងរកកិច្ចសហប្រតិបត្តិការទីផ្សារកាបូន (Video inside)
25-11-2025 11:53
(សិង្ហបុរី)៖ សិង្ហបុរី បានប្រកាសពីគម្រោងបើកស្ថានទូត ក្នុងរដ្ឋធានី Addis Ababa ប្រទេសអេត្យូពី ដែលជាស្ថានទូតទី ១នៅអាហ្វ្រិកខាងកើត និងទី ៣នៅតំបន់អាហ្រ្វិក រួមជាមួយអេហ្ស៉ីប និងអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ការប្រកាសនេះធ្វើឡើងនៅក្នុងជំនួបរវាងនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong និងនាយករដ្ឋមន្រ្តីអេត្យូពី លោក Abiy Ahmed Ali កាលពីថ្ងៃចន្ទ។ លោក Wong បានឱ្យដឹងថា ការបង្កើតស្ថានទូត នឹងក្លាយជាទង្វើជាក់ស្តែងនៃការប្តេជ្ញាចិត្តរបស់សិង្ហបុរី ចំពោះភាពជាដៃគូជាមួយអេត្យូពី ក៏ដូចជាភាពជឿជាក់លើសារៈសំខាន់ និងសក្តានុពលយុទ្ធសាស្ត្ររបស់ប្រទេសនេះ។
តាមលោក Wong កិច្ចសហប្រតិបត្តិការស៉ីជម្រៅ ដោយផ្តោតលើឥណទានកាបូន នឹងជួយដល់សិង្ហបុរី និងអេត្យូពី សម្រេចបានគោលដៅផ្នែកអាកាសធាតុរៀងៗខ្លួន។ ប្រទេសទាំងពីរ ព្រមព្រៀងស្វែងរកកិច្ចសហប្រតិបត្តិការ នៅក្នុងទីផ្សារកាបូន រួមទាំងការផ្លាស់ប្តូររបៀបអនុវត្ត ចំណេះដឹងស្តីពីយន្តការទីផ្សារ ក៏ដូចជាកិច្ចសហការនាពេលអនាគត លើគំនិតផ្តួចផ្តើមគាំទ្រដល់ការអភិវឌ្ឍទីផ្សារកាបូន។
គួរបញ្ជាក់ថា លោក Wong ដែលជារដ្ឋមន្រ្តីហិរញ្ញវត្ថុផងនោះ ស្ថិតនៅក្នុងប្រទេសអេត្យូពី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆកា សម្រាប់ដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងរបស់លោក ទៅកាន់តំបន់អាហ្រ្វិក៕




