អ៊ុយក្រែននិងរុស្ស៉ីអះអាងពីមនុស្សស្លាប់ ក្រោយការវាយប្រហារដាក់គ្នាទៅវិញទៅមកតាមផ្លូវអាកាស (Video inside)
25-11-2025 13:09
(កៀវ)៖ នាថ្ងៃអង្គារនេះ អ៊ុយក្រែននិងរុស្ស៉ីបានអះអាងអំពីមនុស្សស្លាប់ បន្ទាប់ពីភាគីទាំងពីរ បានបើកការវាយប្រហារតាមផ្លូវអាកាសដាក់គ្នា កាលពីវេលាយប់មិញនេះ ស្របពេលការប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជិត៤ឆ្នាំនេះ កំពុងតែប្រព្រឹត្តទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
អភិបាលក្រុង Rostov របស់រុស្ស៉ី បានអះអាងថា មនុស្សយ៉ាងហោច៣នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់អ៊ុយក្រែន ហើយដ្រូនអ៊ុយក្រែន២៤៩គ្រឿង ត្រូវបានបាញ់ទម្លាក់។ ចំណែកអ៊ុយក្រែនវិញ បានអះអាងថា ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស២នាក់ និងបង្កឱ្យរបួស៦នាក់ផ្សេងទៀត នៅទីក្រុងកៀវ។
កាលពីចុងសប្តាហ៍កន្លងទៅនេះ ទីក្រុងកៀវនិងសម្ព័ន្ធមិត្តអឺរ៉ុប បានព្យាយាមពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីកែសម្រួល ផែនការសន្តិភាពរបស់ទីក្រុងវ៉ាស៉ីនតោន ដែលដំបូងឡើយមានលក្ខខណ្ឌ ស្រដៀងខ្លាំងទៅនឹងការទាមទារធំៗរបស់រុស្ស៉ី ដូចជាតម្រូវឱ្យអ៊ុយក្រែនលះបង់ទឹកដីបន្ថែម កាត់បន្ថយទំហំយោធា និងសន្យាមិនចូលអង្គការ NATO ជាដើម។ ក្រោយកិច្ចពិភាក្សា សេតវិមានបាននិយាយថា ផែនការនោះត្រូវបានកែសម្រួលបន្ថែមឱ្យល្អជាងមុន ហើយនឹងគោរពយ៉ាងពេញលេញ ចំពោះអធិបតេយ្យរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបង្ហាញការស្វាគមន៍ចំពោះផែនការដើមរបស់អាមេរិក បានព្រមានថា រុស្ស៉ីនឹងដណ្តើមកាន់កាប់ទឹកដីអ៊ុយក្រែនថែមទៀត ប្រសិនបើទីក្រុងកៀវជ្រើសរើសដើរចេញពីការចរចា។ សព្វថ្ងៃ កងកម្លាំងរុស្ស៉ីកំពុងតែកាន់កាប់ប្រហែល១ភាគ៥ នៃទឹកដីសរុបរបស់អ៊ុយក្រែន៕






