រដ្ឋបាលលោក ត្រាំ សម្រេចបញ្ចប់ការការពារបណ្តោះអាសន្ន សម្រាប់ជនជាតិមីយ៉ាន់ម៉ា នៅសហរដ្ឋអាមេរិក (Video inside)
25-11-2025 14:14
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា ខ្លួនសម្រេចបិទបញ្ចប់ ស្ថានភាពការពារបណ្តោះអាសន្ន ដែលការពារជនអន្តោប្រវេសន៍មកពីប្រទេសមីយ៉ាន់ម៉ា ពីការបណ្តេញចេញពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
សេចក្តីសម្រេចខាងលើ ប៉ះពាល់ដល់មនុស្សប្រហែល៤០០០នាក់ មកពីប្រទេសអាស៊ានមួយនេះ ដែលបាននិងកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ក្រោមឋានៈដែលហៅថា ស្ថានភាពការពារបណ្តោះអាសន្ន ឬ TPS។ TPS ការពារជនអន្តោប្រវេសន៍ពី ការបណ្តេញចេញ ហើយអនុញ្ញាតឱ្យពួកគេអាចធ្វើការងារ ដើម្បីចិញ្ចឹមជីវិត។ ស្ថានភាពនេះត្រូវបានផ្តល់ឱ្យជនទាំងឡាយណា ដែលត្រូវបានមើលឃើញថា នឹងស្ថិតក្នុងគ្រោះថ្នាក់ ប្រសិនបើត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដោយសារសង្រ្គាម គ្រោះមហន្តរាយធម្មជាតិ និងលក្ខណៈពិសេសៗខ្លាំងផ្សេងទៀត។
ជាផ្នែកនៃយុទ្ធនាការបង្រ្កាបអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់លោក លោក ត្រាំ បានកន្លងមកនេះ បានដក TPS សម្រាប់ជនជាតិមកពីអាហ្វហ្កានីស្ថាន កាមេរូន ហៃទី នេប៉ាល់ នីការ៉ាហ្កា ស៉ីរី ស៊ូដង់ខាងត្បូង និងវ៉េណេស៊ុយអេឡា។ រីឯកាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ត្រាំ ផ្ទាល់ ក៏បានប្រកាសថា រូបលោកនឹងគ្រោងដក TPS ពីជនជាតិសូម៉ាលីផងដែរ។
គួរបញ្ជាក់ថា TPS ត្រូវបានផ្តល់ឱ្យជនជាតិមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០២១។ រដ្ឋមន្រ្តីសន្តិសុខមាតុភូមិអាមេរិក លោកស្រី Kristi Noem បាននិយាយថា ការសម្រេចចិត្តដក TPS វិញបែបនេះ ត្រូវបានធ្វើឡើង ក្រោយការពិនិត្យវាយតម្លៃឃើញថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់ផ្តើមទទួលបានភាពប្រសើរឡើងវិញគួរឱ្យកត់សម្គាល់ បើទោះបីសង្រ្គាមស៉ីវិល មិនទាន់ចប់ក្តី ដូចជាការលុបចោលការដាក់ប្រទេសក្នុងគ្រាអាសន្ន កាលពីខែកក្កដា និងការប្តេជ្ញារៀបចំការបោះឆ្នោតសកលមួយ ដែលសេរីនិងយុត្តិធម៌ នៅចន្លោះចុងឆ្នាំនេះនិងដើមឆ្នាំក្រោយ៕







