អាមេរិក ប្រកាសផ្លូវការថាក្រុម Cartel de los Soles នៅវ៉េណេស៊ុយអេឡា ជាអង្គការភេរវករបរទេស (Video inside)

25-11-2025 15:12

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកបានចាត់ថ្នាក់ជាផ្លូវការ លើបណ្តាញក្រុម Cartel de los Soles របស់វ៉េណេស៊ុយអេឡា ថាជាអង្គការភេរវករបរទេស ដោយដាក់ទណ្ឌកម្មបន្ថែមលើក្រុម ដែលរួមមានប្រធានាធិបតី លោក Nicolas Maduro និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។

នៅក្នុងខែនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកនឹងចាត់ថ្នាក់ក្រុម Cartel de los Soles ឬ Cartel of the Suns ជាអង្គការភេរវករបរទេស (FTO) ដោយចោទប្រកាន់ជាបណ្តាញឧក្រិដ្ឋជន នាំគ្រឿងញៀនខុសច្បាប់ចូលមកសហរដ្ឋអាមេរិក។​ មន្រ្តីអាមេរិកផ្សេងទៀតនិយាយថា Cartel de los Soles បានធ្វើការជាមួយក្រុមជនអន្ធពាល Tren de Aragua នៅវ៉េណេស៊ុយអេឡា ដែលត្រូវទីក្រុងវ៉ាស៉ីនតោនចោទថា មានទំនាក់ទំនងជាមួយលោក Maduro ហើយក៏ត្រូវបានចាត់ថ្នាក់ជា FTO ជុំវិញការបញ្ជូនគ្រឿងញៀនខុសច្បាប់ ចូលទឹកដីអាមេរិកផងដែរ។

រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានច្រានចោលចំណាត់ការនេះ ហើយថាគួរឱ្យអស់សំណើច ដែលសហរដ្ឋអាមេរិកចាត់ថ្នាក់លើក្រុមដែលគ្មានរូបរាង។ លោក Maduro និងរដ្ឋាភិបាលរបស់លោក ចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងស្វែងរកការផ្លាស់ប្តូររបបដឹកនាំនៅវ៉េណេស៊ុយអេឡា៕