ស៊ូដង់៖ ក្រុមទាហានប៉ារ៉ា RSF ប្រកាសទទួលយកសំណើបទឈប់បាញ់ (Video inside)
25-11-2025 16:05
(ខាទុំ)៖ មេបញ្ជាការកងកម្លាំងទាហានប៉ារ៉ា RSF របស់ប្រទេសស៊ូដង់ ឧត្តមសេនីយ៍ Mohamed Hamdan Dagalo បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ក្រុមរបស់លោក នឹងអនុវត្តបទឈប់បាញ់មនុស្សធម៌រយៈពេល ៣ខែភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថាលោកនឹងធ្វើអន្តរាគមន៍ ដើម្បីស្វែងរកការបញ្ចប់សង្រ្គាមស៊ូដង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។
សហរដ្ឋអាមេរិក អេមីរ៉ាតអារ៉ាប់រួម អេហ្ស៉ីប និងអារ៉ាប៊ីសាអូឌីត កាលពីដើមខែនេះ បានលើកសំណើព្រាងបទឈប់បាញ់ រយៈពេល ៣ខែសម្រាប់ធ្វើកិច្ចចរចាសន្តិភាព។ ជាការឆ្លើយតប RSF ថានឹងទទួលយក ប៉ុន្តែក្រោយមកបានវាយប្រហារ លើភាគីខាងកងទ័ពជាតិស៊ូដង់ ជាមួយនិងដ្រូនរាប់សិបគ្រឿង។
ក្នុងការអត្ថាធិប្បាយកាលពីថ្ងៃចន្ទ លោក Dagalo បញ្ជាក់ថា «ឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ជាចម្បង របស់ឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខ្ញុំសូមប្រកាសបទឈប់បាញ់មនុស្សធម៌ រួមទាំងការបញ្ឈប់អរិភាព ៣ខែ។ យើងសង្ឃឹមថា ប្រទេសទាំង ៤ នឹងជំរុញភាគីម្ខាងទៀត ឱ្យចូលរួមក្នុងជំហាននេះ»។
ដោយឡែក មេបញ្ជាការកងទ័ពជាតិស៊ូដង់ ឧត្តមសេនីយ Abdel Fattah al-Burhan កាលពីចុងសប្តាហ៍កន្លងទៅ បានចោទប្រកាន់ថា សំណើរបស់សហរដ្ឋអាមេរិក មានបំណងធ្វើឱ្យកងទ័ពស៊ូដង់ចុះខ្សោយ ខណៈអនុញ្ញាតឱ្យ RSF រក្សាទឹកដីដែលខ្លួនដណ្តើមកាន់កាប់បាន៕







