រដ្ឋបាលលោក ត្រាំ បញ្ជាឱ្យពិនិត្យឡើងវិញលើគោលនយោបាយជនភៀសខ្លួន ដែលដាក់ចេញជំនាន់លោក បៃដិន (Video inside)
25-11-2025 17:00
(វ៉ាស៉ីនតោន)៖ យោងតាមលិខិតផ្ទៃក្នុងរបស់រដ្ឋាភិបាល ដែល Reuters ទទួលបាន រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យមានការពិនិត្យឡើងវិញយ៉ាងទូលំទូលាយ លើជនភៀសខ្លួនទាំងអស់ដែលចូលមកសហរដ្ឋអាមេរិក ក្រោមអាណត្តិដឹកនាំដោយអតីតប្រធានាធិបតី ចូ បៃដិន។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។
បទបញ្ជានេះ នឹងអនុវត្តចំពោះជនភៀសខ្លួនប្រហែល ២៣៣ ០០០នាក់ ដែលចូលមកចន្លោះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ បទបញ្ជាដែលចុះហត្ថលេខាដោយប្រធានទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍ លោក Joe Edlow ក៏បានបញ្ជាឱ្យផ្អាកដំណើរការពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនភៀសខ្លួន ក្រោមអាណត្តិរបស់លោក បៃដិន ផងដែរ។ តាមបទបញ្ជារបស់ទីភ្នាក់ងារផ្តល់សញ្ជាតិ និងសេវាអន្តោប្រវេសន៍អាមេរិក (USCIS) ចុះថ្ងៃទី២១ ខែវិច្ឆកា USCIS នឹងឈប់ផ្តល់ឋានៈជនភៀសខ្លួន សម្រាប់អ្នកដែលមានរួចហើយ នៅក្នុងសហរដ្ឋអាមេរិក ប្រសិនបើពួកគេ ត្រូវបានរកឃើញថា មិនបំពេញតាមលក្ខណៈវិនិច្ឆ័យ។ បទបញ្ជានេះអះអាងថា រដ្ឋបាលលោក បៃដិន ផ្តល់អាទិភាពក្នុងបរិមាណលើសលប់ពេក។
គួរបញ្ជាក់ថា វិធានការដែលមិនធ្លាប់មានពីមុនមក អាចនឹងសើរើឡើងវិញ លើមនុស្សរាប់ពាន់នាក់ ដែលស្វែងរកការការពារពីសហរដ្ឋអាមេរិក៕






