អាមេរិក និងរុស្ស៊ី ជួបចរចាសម្ងាត់នៅអាប៊ូដាប៊ី ស្របពេលមីស៊ីលធ្លាក់ដូចភ្លៀងនៅកៀវ

25-11-2025 18:50

(អាប៊ូដាប៊ី)៖ រដ្ឋលេខាធិការកងទ័ពអាមេរិក លោក ដាន់ ដ្រិសខូល (Dan Driscoll) បានបើកកិច្ចពិភាក្សាដោយមិនប្រកាសជាមុនជាមួយមន្ត្រីរុស្ស៊ីនៅទីក្រុងអាប៊ូដាប៊ី ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងថ្មីយ៉ាងខ្លាំងក្លារបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចចរចានេះធ្វើឡើងស្របពេលដែលរដ្ឋធានីកៀវ ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅពេលយប់ ដោយមានមីស៊ីល និងដ្រូនរាប់រយគ្រឿងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តជ្រកកោនក្រោមដីក្នុងស្ថានភាពរដូវរងាដ៏ត្រជាក់។

ទាក់ទងនឹងផែនការសន្តិភាព ២៨ចំណុចដ៏ចម្រូងចម្រាសរបស់អាមេរិក ដែលតម្រូវឱ្យអ៊ុយក្រែនកាត់ទឹកដី និងបោះបង់មហិច្ឆតាណាតូ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានថ្លែងថា ក្រោយកិច្ចប្រជុំនៅហ្សឺណែវ ស្ថានភាពមានភាពប្រសើរឡើង។ លោកបានបញ្ជាក់ថា «គិតត្រឹមពេលនេះ ចំណុចនានាត្រូវបានកាត់បន្ថយ មិនមែន ២៨ទៀតទេ...បញ្ហារសើប និងចំណុចដែលពិបាកបំផុត ខ្ញុំនឹងពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតី ត្រាំ»។

ដោយឡែក វិមានក្រឹមឡាំងបានបង្ហាញជំហរវិជ្ជមានចំពោះផែនការនេះ។ អ្នកនាំពាក្យ លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា «បច្ចុប្បន្ន អ្វីដែលសំខាន់គឺគម្រោងរបស់អាមេរិក ឬគម្រោងរបស់ត្រាំ... យើងជឿជាក់ថា វាអាចក្លាយជាមូលដ្ឋានដ៏ល្អសម្រាប់ការចរចា»៕