UN៖ ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់ជនស៊ីវិលយ៉ាងតិច ១២៧នាក់នៅលីបង់ ក្រោយបទឈប់បាញ់ (Video inside)
25-11-2025 19:36
(ហ្សឺណែវ)៖ ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) បានប្រកាសនៅថ្ងៃអង្គារនេះថា ជនស៊ីវិលយ៉ាងហោចណាស់ ១២៧នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ ដោយសារការវាយប្រហាររបស់យោធាអ៊ីស្រាអែល ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានធ្វើឡើងកាលពីជិតមួយឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ថាមីន អាល់ឃីតាន់ (Thameen Al-Kheetan) អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា «ជិតមួយឆ្នាំចាប់តាំងពីបទឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែលត្រូវបានព្រមព្រៀង យើងបន្តឃើញការកើនឡើងនៃការវាយប្រហារដោយយោធាអ៊ីស្រាអែល ដែលបណ្តាលឱ្យមានការសម្លាប់ជនស៊ីវិល និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិស៊ីវិលនៅលីបង់ រួមជាមួយនឹងការគំរាមកំហែងគួរឱ្យព្រួយបារម្ភនៃការវាយលុកកាន់តែទូលំទូលាយ»។
UN បានអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងទាមទារឱ្យភាគីពាក់ព័ន្ធគោរពបទឈប់បាញ់នេះ។ លោកបានបញ្ជាក់ថា តួលេខ ១២៧នាក់នេះ គឺជាចំនួនដែលត្រូវបានផ្ទៀងផ្ទាត់ដោយផ្អែកលើវិធីសាស្រ្តដ៏តឹងរឹងរបស់ UN ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះ៕




