លោក ហ្សេលេនស្គី ថាត្រៀមខ្លួនជាស្រេចដើម្បីជំរុញផែនការសន្តិភាព ហើយនឹងពិភាក្សាពីចំណុចខ្ទាស់ជាមួយលោក ត្រាំ (Video inside)

26-11-2025 09:20

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា បាននិយាយថាលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញផែនការសន្តិភាព គាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី និងពិភាក្សាពីចំណុចខ្វែងគំនិតគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងកិច្ចចរចាដែលលោកថា សម្ព័ន្ធមិត្តអឺរ៉ុបគួរតែចូលរួមដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន កំពុងព្យាយាមដោះស្រាយការខ្វែងគំនិតគ្នាលើចំណុចមួយចំនួននៃផែនការសន្តិភាពរបស់លោក ត្រាំ ដោយលោក ហ្សេលេនស្គីទទូចថានឹងទទួលយក ផែនការសន្តិភាពដែលធ្វើឱ្យអ៊ុយក្រែនរឹងមាំ មិនមែនទន់ខ្សោយនោះទេ។ នៅក្នុងសុន្ទរកថាមួយទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ផែនការសន្តិភាពកំពុងស្ថិតនៅលើតុ ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីធ្វើដំណើរឆ្ពោះទៅមុខរួមគ្នាជាមួយសហរដ្ឋអាមេរិក ជាមួយលោកប្រធានាធិបតី ត្រាំ។ លោកបន្តទៀតថា ការសម្រេចចិត្តពីសន្តិសុខរបស់អ៊ុយក្រែនត្រូវតែមានអ៊ុយក្រែនចូលរួម ហើយការសម្រេចចិត្តពីសន្តិសុខរបស់អឺរ៉ុបត្រូវតែមានអឺរ៉ុបចូលរួម។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមថានៅសល់ចំណុនខ្វែងគំនិតគ្នាមួយចំនួនតូចប៉ុណ្ណោះដែលទាន់ត្រូវបានដោះស្រាយ នៅក្នុងកិច្ចចរចា ហើយលោកផ្ទាល់បានបញ្ជាឱ្យបេសកជនពិសេសរបស់លោក គឺលោក Steve Witkoff ធ្វើដំណើរទៅរុស្ស៉ី ដើម្បីជួបលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងរដ្ឋលេខាធិការកងទ័ពជើងគោកអាមេរិក លោក Dan Driscoll ជាមួយក្រុមមន្ត្រីអ៊ុយក្រែន។ ក្រុមមន្ត្រីអ៊ុយក្រែនឱ្យដឹងថាលោក Driscoll នឹងទៅដល់ទីក្រុងកៀវ ក្នុងសប្ដាហ៍នេះ៕