លោក ត្រាំ ប្ដូរចិត្តវិញដោយនិយាយថាមិនមានកាលកំណត់ដាច់ខាតឱ្យអ៊ុយក្រែន ទទួលយកកិច្ចព្រមព្រៀងសន្តិភាពទេ (Video inside)

26-11-2025 09:39

(នៅលើយន្ដហោះ AIR FORCE ONE)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា បាននិយាយថាមិនមានការកំណត់កាលបរិច្ឆេទដាច់ខាតឱ្យអ៊ុយក្រែ​នទទួលយក ផែនការសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិកនោះទេ ដែលនេះផ្ទុយពីការលើកឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនដែលលោកបានទុកពេលឱ្យទីក្រុងកៀវមួយសប្ដាហ៍ដើម្បីទទួលយកផែនការសន្តិភាព បិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ឆ្ពោះទៅកាន់រដ្ឋ Florida ដើម្បីប្រារព្ធពិធីបុណ្យ Thanksgiving លោក ត្រាំ បាននិយាយថាក្រុមអ្នកចរចាអាមេរិកកំពុងបង្កើត ភាពរីកចម្រើននៅក្នុងកិច្ចពិភាក្សាជាមួយរុស្ស៉ី និងអ៊ុយក្រែន ហើយទីក្រុងមូស្គូបានយល់ព្រមធ្វើសម្បទានមួយចំនួន។ តែលោកមិនបានបញ្ជាក់លម្អិតថាតើសម្បទាននោះមានអ្វីខ្លះនោះទេ។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក ត្រាំ បានកំណត់យកថ្ងៃបុណ្យ Thanksgiving ដែលចំថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ជាកាលបរិច្ឆេទកំណត់ឱ្យអ៊ុយក្រែនទទួលយក ផែនការសន្តិភាពបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ ប៉ុន្តែប៉ុន្មានថ្ងៃមកនេះ លោក ត្រាំ និងក្រុមមន្ត្រីជំនិតរបស់លោកបានថយចេញពីកាលកំណត់នេះ ហើយឥលូវនាំគ្នានិយាយថាចង់បានកិច្ចព្រមព្រៀងមួយ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក ត្រាំ ក៏បានកត់សម្គាល់ដែរថារុស្ស៉ីកំពុងមានប្រៀបនៅលើសមរភូមិ ហើយថាវានឹងក្លាយជារឿងល្អសម្រាប់អ៊ុយក្រែនដើម្បីឈានដល់កិច្ចព្រមព្រៀង។ ពីព្រោះថាអ៊ុយក្រែនអាចនឹងបន្តបាត់បង់ទឹកដីបន្ថែមទៀតទៅឱ្យរុស្ស៉ី នៅប៉ុន្មានខែខាងមុខ។

បើតាមលោក ត្រាំ ការធានាសន្តិសុខឱ្យអ៊ុយក្រែនកំពុងស្ថិតក្រោមកិច្ចចរចាជាមួយអឺរ៉ុប៕