មេដឹកនាំតៃវ៉ាន់នឹងស្នើកញ្ចប់ថវិកា ៤០ពាន់លានដុល្លារ បន្ថែមលើការចំណាយក្នុងវិស័យយោធា (Video inside)

26-11-2025 09:58

(តៃប៉ិ)៖ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានឱ្យដឹងថារដ្ឋាភិបាលរបស់លោកនឹងស្នើសុំកញ្ចប់ថវិកា ៤០ពាន់លានដុល្លារ បន្ថែមលើការចំណាយក្នុងវិស័យយោធាសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ខណៈដែនកោះប្រជាធិបតេយ្យមួយនេះកំពុងពង្រឹងសមត្ថភាពយោធាដើម្បីកំញើញទប់ស្កាត់ការវាយប្រហារណាមួយពីសំណាក់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តៃវ៉ាន់បាន និងកំពុងបង្កើនការចំណាយលើវិស័យយោធា នៅចំពោះមុខការដាក់សម្ពាធយោធាពីចិនដែលកាន់តែបង្កើនការធ្វើសកម្មភាពយោធានៅជុំវិញដែនកោះតៃវ៉ាន់។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យតៃវ៉ាន់បង្កើនការចំណាយកាន់តែច្រើនដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯង។ នៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយកាសែតអាមេរិក Washington Post កាលពីថ្ងៃអង្គារ ទី២៥​ ខែវិច្ឆិកា លោក Lai Ching-te បានកត់សម្គាល់ថា «ការចំណាយបន្ថែមនឹងត្រូវផ្តោតលើការទិញសព្វាវុធថ្មីៗពីសហរដ្ឋអាមេរិក ប៉ុន្តែមួយផ្នែកធំក៏ត្រូវចំណាយលើការពង្រឹង សមត្ថភាពប្រយុទ្ធរបស់តៃវ៉ាន់ផងដែរ»។ លោក Lai បន្ថែមថាតៃវ៉ាន់មានបំណងជំរុញសមត្ថភាពកំញើញតាមរយៈបង្កការខាតបង់ធ្ងន់ធ្ងរ និងភាពមិនច្បាស់លាស់ទៅលើការសម្រេចចិត្តរបស់ចិន ទាក់ទិននឹងការប្រើកម្លាំងយោធា។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Lai Ching-te បានស្នើរួចហើយនូវកញ្ចប់ថវិកា ៣០ពាន់លានដុល្លារ ឬស្មើនឹង ៣.៣២ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP សម្រាប់ការចំណាយក្នុងវិស័យ យោធានៅឆ្នាំក្រោយ៕