លោក ដូណាល់ ត្រាំ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi នឹងក្លាយជាមេដឹកនាំអស្ចារ្យ (Video inside)
26-11-2025 10:40
(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា បាននិយាយថាលោកបានបើកកិច្ចពិភាក្សាដ៏អស្ចារ្យជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និងបង្ហាញក្ដីសង្ឃឹមថាលោកស្រីនឹងក្លាយជាមេដឹកនាំអស្ចារ្យម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើយន្ដហោះ Air Force One ឆ្ពោះទៅកាន់រដ្ឋ Florida។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងមានទំនាក់ទំនងដ៏អស្ចារ្យ រវាងនាយករដ្ឋមន្ត្រីថ្មី (របស់ជប៉ុន) និងខ្លួនខ្ញុំផ្ទាល់។ លោកស្រីជាមនុស្សឆ្លាតណាស់ រឹងមាំណាស់ ហើយលោកស្រីនឹងក្លាយជាមេដឹកនាំអស្ចារ្យម្នាក់»។
គួរបញ្ជាក់ថា លោកស្រី Sanae Takaichi កាលពីថ្ងៃអង្គារ បាននិយាយថាលោក ត្រាំ បានប្រាប់ថាលោកស្រីអាចហៅទូរស័ព្ទទៅកាន់រូបលោកគ្រប់ពេលវេលា អំឡុងកិច្ចសន្ទនាតាមរទូរស័ព្ទ ជាលើកដំបូងរវាងមេដឹកនាំទាំង២ ចាប់តាំងពីលោកស្រីបង្កឱ្យមានជម្លោះការទូតជាមួយចិន ដោយនិយាយថាការវាយប្រហារណាមួយរបស់ចិនដើម្បីគ្រប់គ្រងតៃវ៉ាន់ អាចនឹងធ្វើឱ្យជប៉ុនចាត់វិធានការឆ្លើយតបដោយយោធា៕





