ទីប្រឹក្សាលោក ត្រាំ៖ ភាគីជម្លោះក្នុងសង្រ្គាមស៊ូដង់ មិនទទួលសំណើបទឈប់បាញ់ឡើយ (Video inside)

26-11-2025 11:51

(ABU DHABI, អេមីរ៉ាត់អារ៉ាប់រួម)៖ បេសកជនអាមេរិក លោក Massad Boulos បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិក បានបង្ហាញសំណើបទឈប់បាញ់មួយ ដល់ភាគីជម្លោះក្នុងសង្រ្គាមស៊ូដង់ ប៉ុន្តែភាគីទាំងពីរមិនបានទទួលយកជាផ្លូវការទេ ខណៈកងទ័ពស៊ូដង់ (SAF) ចោទប្រកាន់ភាគីកងកម្លាំងប៉ារ៉ាយោធា (RSF) ថាបានបន្តការវាយប្រហារ ទោះជាបានប្រកាសឈប់បាញ់ដោយខ្លួនឯងក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។

លោក Boulos ដែលជាទីប្រឹក្សារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទទួលបន្ទុកកិច្ចការអាហ្រ្វិក និងអារ៉ាប់ គូសបញ្ជាក់ថា «យើងបានបង្ហាញសំណើបទឈប់បាញ់មួយ ប៉ុន្តែទាំង SAF និង RSF មិនបានទទួលយកជាផ្លូវការនោះទេ»

ប៉ុន្មានម៉ោងក្រោយសេចក្តីថ្លែងការណ៍របស់ លោក Boulos ក្រុមប្រឹក្សាសន្តិសុខ និងការពារប្រទេសស៊ូដង់ ដឹកនាំដោយមេទ័ព លោក Abdel Fattah al-Burhan បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ឆ្លើយតបនឹងសំណើនោះ។ តាមលោក Boulos ភាគី SAF បានដាក់លក្ខខណ្ឌមកវិញ ដែលលោកមិនអាចសម្រេចចិត្តបាន។

គួរបញ្ជាក់ថា RSF បានប្រកាសជាឯកតោភាគី កាលពីថ្ងៃចន្ទ ថានឹងបញ្ឈប់អរិភាព ស្របតាមការចង់បានរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែកាលពីថ្ងៃអង្គារ SAF និយាយថា ខ្លួនបានវាយបកការវាយប្រហារមកលើមូលដ្ឋានមួយនៅតំបន់ Babanusa រដ្ឋ West Kordofan ដែលជាសមរភូមិថ្មីនៃសង្គ្រាមស៊ូដង់៕