លោក ត្រាំ ថានឹងជួបលោក ពូទីន និងលោក ហ្សេលេនស្គី លុះត្រាតែនៅពេលកិច្ចព្រមព្រៀងសន្តិភាព សម្រេចបានជាស្ថាពរ ឬស្ថិតក្នុងដំណាក់កាលចុងក្រោយ (Video inside)
26-11-2025 13:09
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកសង្ឃឹមថា នឹងបានជួបជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ព្រមទាំងជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងពេលឆាប់ៗ ប៉ុន្តែគឺលុះតែនៅពេលដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបានជាស្ថាពរ ឬមួយក៏ស្ថិតក្នុងដំណាក់កាលចុងក្រោយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ទន្ទឹមគ្នានេះ លោក ត្រាំ បានប្រាប់ថា រូបលោកនឹងបញ្ជូនបេសកជនពិសេស លោក Steve Witkoff ទៅជួបលោក ពូទីន នៅទីក្រុងមូស្គូ នាសប្តាហ៍ក្រោយ ដើម្បីជជែកលើ ចំណុចខ្ទាស់មួយចំនួនតូចដែលនៅសល់ ជុំវិញកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋលេខាធិការកងទ័ពជើងគោកអាមេរិក លោក Daniel Driscoll ក៏ទើបតែបានជួបពិភាក្សាជាមួយប្រតិភូរបស់រុស្ស៉ីផងដែរ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីជជែកអំពីផែនការរបស់លោក ត្រាំ សម្រាប់សន្តិភាពនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា បើតាមលោក ត្រាំ ក្រុមអ្នកចរចាអាមេរិកកំពុងបង្កើត ភាពរីកចម្រើននៅក្នុងកិច្ចពិភាក្សាជាមួយរុស្ស៉ី និងអ៊ុយក្រែន ហើយទីក្រុងមូស្គូបានយល់ព្រមធ្វើសម្បទានមួយចំនួន។ តែលោកមិនបានបញ្ជាក់លម្អិតថាតើសម្បទាននោះមានអ្វីខ្លះនោះទេ៕




