មនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រទេសបារាំង ដោយសង្ស័យធ្វើចារកម្មឱ្យរុស្ស៉ី (Video inside)

26-11-2025 15:10

(ប៉ារីស)៖ អាជ្ញាធរបារាំង បានចាប់ខ្លួនមនុស្សចំនួន ៣នាក់ ដោយសង្ស័យថាបានធ្វើចារកម្មឱ្យរុស្ស៉ី និងជួយឃោសនាឱ្យ​សង្គ្រាមរបស់វិមានក្រឹមឡាំង​ ខណៈក្តីបារម្ភអំពីឥទ្ធិពលរុស្ស៉ីនៅទូទាំងអឺរ៉ុប កាន់តែកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែវិច្ឆកា ឆ្នាំ ២០២៥។

ក្រុមស៉ើបអង្កេតនិយាយថា ការចាប់ខ្លួនត្រូវបានផ្សារភ្ជាប់ទៅនឹងសកម្មភាព ដែលពាក់ព័ន្ធសមាគមបារាំង-រុស្ស៉ី ដែលគេស្គាល់ថា SOS Donbass។ ម្នាក់ក្នុងចំណោមជនសង្ស័យ ជាបុរសជនជាតិរុស្ស៉ីអាយុ ៤០ឆ្នាំ ត្រូវកាមេរ៉ាសុវត្ថិភាពថតជាប់ ពេលដាក់​ផ្ទាំង​ផ្សព្វផ្សាយ​​គាំទ្រ​រុស្ស៉ី ​នៅ​ Arc de Triomphe កាលពីខែ​កញ្ញា។

យោងតាមរដ្ឋអាជ្ញា ក្រោយមកបុរសរូបនោះ បានទូរស័ព្ទទៅកាន់ប្រធានសមាគម SOS Donbass អាយុ ៤០ឆ្នាំ ជាស្ត្រីកើតនៅក្នុងប្រទេសរុស្ស៉ី ដែលគេសង្ស័យថាប៉ុនប៉ងចង់បានព័ត៌មានសេដ្ឋកិច្ច ពីនាយកប្រតិបត្តិនៅក្រុមហ៊ុនបារាំង។ ទីភ្នាក់ស៉ើបការណ៍សម្ងាត់ក្នុងស្រុក DGSI របស់បារាំង បានតាមដានស្ត្រីរូបនេះតាំងពីដើមឆ្នាំមកម្ល៉េះ ក្រោយរកឃើញសកម្មភាព ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសបារាំង ហើយជំរុញឱ្យចៅក្រម បើកការស៉ើបបអង្កេតផ្លូវការលើករណីសង្ស័យគប់គិតជាមួយបរទេស។

ជនសង្ស័យទី​ ៣ដែល​ត្រូវ​ចាប់​ខ្លួន​គឺ​ជា​បុរស​អាយុ ៦៣ឆ្នាំ​មក​ពីតំបន់ Seine-Saint-Denis ភាគ​ខាងជើង​ទីក្រុង​ប៉ារីស។ មានជនសង្ស័យម្នាក់ទៀត អាយុ ៥៨ឆ្នាំ មិនត្រូវបានឃុំខ្លួនទេ ប៉ុន្តែដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតឹងរ៉ឹងរបស់តុលាការ ហើយត្រូវរាយការណ៍ជូនប៉ូលិសម្តងក្នុងមួយសប្តាហ៍។

គួរបញ្ជាក់ថា ករណីនេះកើតឡើងចំពេលមានការត្រួតពិនិត្យកាន់តែខ្លាំង ជុំវិញសកម្មភាពស៉ើបការណ៍សម្ងាត់ពីរុស្ស៉ី នៅទូទាំងតំបន់អឺរ៉ុប ខណៈដែលរដ្ឋាភិបាលលោកខាងលិច បានព្រមានពីប្រតិបត្តិការលាក់កំបាំង យុទ្ធនាការបញ្ជ្រាបឥទ្ធិពល និងការបំផ្លិចបំផ្លាញដែលពាក់ព័ន្ធសង្គ្រាមរុស្ស៉ីនៅអ៊ុយក្រែន៕