អគ្គិភ័យសន្ធោសន្ធៅ ឆាបឆេះអគារស្នាក់នៅក្នុងទីក្រុងហុងកុង បណ្តាលឱ្យមនុស្សយ៉ាងហោច៤នាក់ស្លាប់ (Video inside)
26-11-2025 17:03
(ហុងកុង)៖ អាជ្ញាធរនៅទីក្រុងហុងកុងនៃប្រទេសចិន បានឱ្យដឹងថា នាថ្ងៃពុធនេះ គ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅ បានកើតឡើងនៅតំបន់អគារខ្ពស់សម្រាប់ស្នាក់នៅមួយកន្លែង ជាហេតុនាំឱ្យមនុស្សយ៉ាងហោច៤នាក់ បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ហេតុការណ៍ខាងលើ បានកើតឡើងនៅខណ្ឌ Tai Po ភាគខាងជើងទីក្រុងហុងកុង ក្នុងតំបន់អគារស្នាក់នៅ ហៅថា Wang Fuk Court ដែលប្រមូលផ្តុំអគារខ្ពស់ៗសរុប៨ខ្នង សម្រាប់ផ្តល់បន្ទប់ស្នាក់នៅជិត២០០០បន្ទប់ ហើយអគារប៉ុន្មានខ្នងនៅទីនោះ ត្រូវបានភ្លើងឆាបឆេះ។ ហេតុការណ៍ភ្លើងឆេះនេះ គឺចំពេលដែល អគារទាំងនោះ កំពុងមានសំណង់រន្ទាឬស្សី នៅខាងក្រៅពួកវា។
គួរបញ្ជាក់ថា បើតាមព័ត៌មានចុងក្រោយបំផុត មនុស្ស៤នាក់ត្រូវរកឃើញថាបានស្លាប់ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ ខណៈ៣នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕






