យានអវកាស Shenzhou-22 ដឹកទំនិញហោះហើរទៅកាន់ស្ថានីយអវកាសចិន បេសកកម្មបាញ់បង្ហោះជាបន្ទាន់ជាលើកដំបូងរបស់ប្រទេសចិន ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ

26-11-2025 17:55

(ប៉េកាំង)៖ យោងតាមព័ត៌មាននៃការិយាល័យកម្មវិធីយានអវកាសដឹកមនុស្សប្រទេសចិន បានឱ្យដឹងថានៅវេលាម៉ោង១២ និង១១នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥តាមម៉ោងប៉េកាំង រ៉ុក្កែតដឹកជញ្ជូន Changzheng Y-22ដែលផ្ទុកយានអវកាស Shenzhou-22 បានត្រូវបាញ់បង្ហោះនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប JiuQuan។

ប្រហែល១០នាទីក្រោមមក យានអវកាសបានបំបែកខ្លួនចេញពីរ៉ុក្កែតដោយជោគជ័យ និងចូលទៅគន្លងតារាវិថីតាមការកំណត់ បេសកកម្មបាញ់បង្ហោះទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ។ បន្ទាប់ពីចូលគន្លងតារាវិថី យានអវកាសនឹងតភ្ជាប់ដោយស្វ័យប្រវត្តិ ជាមួយស្ថានីយអវកាស។ យានអវកាស Shenzhou-22 គឺមិនមានផ្ទុកមនុស្សទេ តែបានដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ ផ្លែឈើនិងបន្លែស្រស់ៗ ឧបករណ៍សម្រាប់ជុសជុលស្នាមប្រេះនៃបង្អួចយានអវកាស Shenzhou-20 និងគ្រឿងបន្លាស់ និងសម្ភារៈប្រើប្រាស់ចាំបាច់នៃស្ថានីយអវកាស។

នេះជាបេសកកម្មការបាញ់បង្ហោះលើកទី៣៨ ចាប់តាំងពីការចាប់ដំណើរការសកម្មវិធីយានអវកាសដឹកមនុស្ស របស់ប្រទេសចិនមក ហើយក៏ជាបេសកកម្មបាញ់បង្ហោះជាបន្ទាន់ជាលើកដំបូង នៃកម្មវិធីយានអវកាសដឹកមនុស្សរបស់ប្រទេសចិនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន