អឺរ៉ុប ពន្លឿនកិច្ចព្រមព្រៀងប្រើលុយរុស្ស៊ីដែលបង្កក ដើម្បីជួយអ៊ុយក្រែន (Video inside)

26-11-2025 19:03

(ព្រុចសែល)៖ មន្ត្រីសហភាពអឺរ៉ុប (EU) បានឱ្យដឹងថា ប្លុកនេះបានពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីជួយដល់អ៊ុយក្រែន។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីផែនការសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានបង្ហាញពីគំនិតផ្សេងគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីខែមុន មេដឹកនាំ EU បានបរាជ័យក្នុងការព្រមព្រៀងលើផែនការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីចំនួន ១៤០ពាន់លានអឺរ៉ូ (១៦២ពាន់លានដុល្លារ) ជាកម្ចីសម្រាប់ទីក្រុងកៀវ ដោយសារមិនទទួលបានការគាំទ្រពីបែលហ្ស៊ិក ដែលជាកន្លែងរក្សាទុកមូលនិធិភាគច្រើន។ ទោះជាយ៉ាងណា គណៈកម្មការអឺរ៉ុបសង្ឃឹមថានឹងដោះស្រាយកង្វល់របស់បែលហ្ស៊ិក នៅក្នុងសេចក្តីព្រាងសំណើច្បាប់ដែលនឹងបង្ហាញនៅសប្តាហ៍នេះ ដើម្បីគាំទ្រទីក្រុងកៀវនៅឆ្នាំ២០២៦ និង ២០២៧។

មន្ត្រីម្នាក់បាននិយាយថា ព័ត៌មានលម្អិតនៃផែនការរបស់អាមេរិកដែលបានលេចចេញកាលពីសប្តាហ៍មុន ដែលមេដឹកនាំអឺរ៉ុបមើលឃើញថាលំអៀងខ្លាំងទៅរកទីក្រុងមូស្គូ បានធ្វើឱ្យការងារនេះកាន់តែបន្ទាន់។ លោកបានបញ្ជាក់ថា «វាពិតជាធ្វើឱ្យការងារលើរឿងនេះកាន់តែបន្ទាន់ថែមទៀត»៕