មេដឹកនាំយោធាស៊ូដង់ អំពាវនាវឱ្យលោក ត្រាំ ជួយបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមក្នុងប្រទេស

26-11-2025 20:20

(ផតស៊ូដង់)៖ មេបញ្ជាការកងទ័ពស៊ូដង់ លោក អាប់ដែល ហ្វាតតា អាល់ប៊ឺហាន (Abdel Fattah Al-Burhan) ដែលកំពុងធ្វើសង្គ្រាមជាមួយក្រុមប៉ារ៉ាយោធា ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ ឱ្យជួយនាំមកនូវសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងអត្ថបទមួយដែលចុះផ្សាយក្នុងកាសែត The Wall Street Journal មេដឹកនាំស្តីទីរបស់ស៊ូដង់រូបនេះ បានសរសេរថា «ប្រជាជនស៊ូដង់ឥឡូវនេះសម្លឹងមើលទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបោះជំហានបន្ទាប់...និងធ្វើការជាមួយយើង រួមទាំងអ្នកនៅក្នុងតំបន់ដែលស្វែងរកសន្តិភាពពិតប្រាកដ ដើម្បីបញ្ចប់សង្គ្រាមនេះ»។

លោក ប៊ឺហាន បានលើកឡើងថា ប្រជាជនស៊ូដង់ចាត់ទុកលោក ត្រាំ ថាជាមេដឹកនាំដែល «និយាយត្រង់ និងធ្វើសកម្មភាពម៉ឺងម៉ាត់» និងមានការតាំងចិត្តក្នុងការប្រឈមមុខនឹងតួអង្គបរទេសដែលអូសបន្លាយការឈឺចាប់របស់ពួកគេ។ ការអំពាវនាវនេះកើតឡើង បន្ទាប់ពីលោក ត្រាំ បានសន្យាកាលពីសប្តាហ៍មុនថានឹងបញ្ចប់សង្គ្រាមនេះ ក្រោយទទួលបានការជំរុញពីព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា សង្គ្រាមរវាងកងទ័ពលោក ប៊ឺហាន និងកងកម្លាំងគាំទ្ររហ័ស (RSF) របស់គូប្រជែង បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើឱ្យមនុស្ស ១២លាននាក់ផ្លាស់ទីលំនៅ ដែលបង្កជាវិបត្តិអត់ឃ្លាន និងការផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ពិភពលោក។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីអាមេរិក អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីបក្តី ក៏បទឈប់បាញ់នៅតែបរាជ័យជាបន្តបន្ទាប់៕