អគ្គិភ័យលេបត្របាក់តំបន់អនាធិបតេយ្យនៅបង់ក្លាដែស, បំផ្លាញផ្ទះ ១,៥០០ខ្នង និងមនុស្សរាប់ពាន់នាក់គ្មានទីជម្រក
26-11-2025 20:42
(ដាកា)៖ អាជ្ញាធរបង់ក្លាដែស បានប្រកាសនៅថ្ងៃពុធនេះថា អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានបំផ្លាញផ្ទះសម្បែងប្រមាណ ១,៥០០ខ្នង នៅក្នុងតំបន់អនាធិបតេយ្យដ៏កកកុញមួយក្នុងរដ្ឋធានីដាកា ដោយបន្សល់ទុកមនុស្សរាប់ពាន់នាក់ឱ្យគ្មានទីជម្រក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អគ្គិភ័យនេះបានចាប់ផ្តើមឆាបឆេះនៅល្ងាចថ្ងៃអង្គារ នៅតំបន់អនាធិបតេយ្យ Korail និងត្រូវបានពន្លត់ទាំងស្រុងនៅថ្ងៃពុធ បន្ទាប់ពីឆេះអស់រយៈពេល ១៦ម៉ោង។ មន្ត្រីពន្លត់អគ្គិភ័យបានបញ្ជាក់ថា មិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ ឬរបួសនោះទេ។
លោកវរសេនីយ៍ទោ ម៉ូហាម៉ាត់ តាជុល អ៊ីស្លាម ជូធូរី (Mohammad Tajul Islam Chowdhury) នាយកសេវាកម្មពន្លត់អគ្គិភ័យ បានឱ្យដឹងថា ផ្ទះប្រមាណ ១,៥០០ខ្នងត្រូវបានឆេះបំផ្លាញ ឬខូចខាត។ ក្រុមពន្លត់អគ្គិភ័យបានជួបការលំបាកយ៉ាងខ្លាំងក្នុងការចូលទៅដល់កន្លែងកើតហេតុ ដោយសារផ្លូវតូចចង្អៀត។
យោងតាមទិន្នន័យផ្លូវការ គ្រួសារប្រហែល ៦០,០០០គ្រួសារ ដែលភាគច្រើនជា «ជនភៀសខ្លួនអាកាសធាតុ» រស់នៅក្នុងតំបន់អនាធិបតេយ្យនេះ។ នៅថ្ងៃពុធ ពលរដ្ឋដែលបាត់បង់ផ្ទះសម្បែងបាននាំគ្នារុករកទ្រព្យសម្បត្តិដែលនៅសេសសល់ក្នុងគំនរបាក់បែកយ៉ាងអស់សង្ឃឹម៕







