UPDATE: អគ្គិភ័យនៅហុងកុង សម្លាប់មនុស្សយ៉ាងតិច ១៤នាក់ ខណៈតួលេខអ្នកជាប់ក្នុងអគារមិនទាន់ដឹងនៅឡើយ (Video inside)
26-11-2025 21:23
(ហុងកុង)៖ អគ្គិភ័យដ៏ធំមួយ បានឆាបឆេះអគារស្នាក់នៅខ្ពស់ៗជាច្រើនកន្លែង នៅក្នុងខណ្ឌ Tai Po ភាគខាងជើងទីក្រុងហុងកុង កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់ និងបណ្តាលឱ្យមនុស្សជាច្រើនទៀតរងរបួស ខណៈដែលអាជ្ញាធរកំពុងតស៊ូយ៉ាងខ្លាំងដើម្បីគ្រប់គ្រងអណ្តាតភ្លើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងរហូតដល់យប់ ខណៈផ្សែងខ្មៅបានហុយចេញពីអគារកម្ពស់ ៣២ជាន់ ដែលត្រូវបានគ្របដណ្ដប់ដោយរន្ទាឫស្សី និងសំណាញ់សំណង់ពណ៌បៃតង។ អាជ្ញាធរបានឱ្យដឹងថា ពួកគេកំពុងជួបការលំបាកក្នុងការទៅដល់ជាន់ខាងលើនៃអគារ ដោយសារកម្តៅខ្លាំង ហើយការគ្រប់គ្រងអគ្គិភ័យកាន់តែពិបាកនៅពេលយប់។
អគារ Wang Fuk Court ដែលជាកន្លែងភ្លើងឆេះ មានអាផាតមិនស្នាក់នៅចំនួន ២,០០០។ នាយកដ្ឋានសេវាកម្មពន្លត់អគ្គិភ័យបានបញ្ជាក់ថា ខ្លួនមិនទាន់មានតួលេខច្បាស់លាស់អំពីចំនួនមនុស្សដែលអាចនៅជាប់ខាងក្នុងអគារនៅឡើយទេ ខណៈមូលហេតុនៃអគ្គិភ័យមិនទាន់ត្រូវបានបញ្ជាក់ភ្លាមៗនោះទេ៕








