រុស្ស៊ីថា ការបែកធ្លាយខ្សែអាត់សំឡេងរបស់បេសកជនលោក ត្រាំ ជា «សង្គ្រាមកូនកាត់» (Video inside)

26-11-2025 22:21

(មូស្គូ)៖ ប្រទេសរុស្ស៊ីនៅថ្ងៃពុធនេះ បានប្រកាសថា ការបែកធ្លាយខ្សែអាត់សំឡេងនៃការហៅទូរស័ព្ទរវាងទីប្រឹក្សាកំពូលរបស់លោក ដូណាល់ ត្រាំ និងលោក វ៉្លាឌីមៀ ពូទីន គឺជាទង្វើ «មិនអាចទទួលយកបាន» ដែលមានបំណងបំផ្លាញកិច្ចចរចាសន្តិភាពអ៊ុយក្រែន និងស្មើនឹងសង្គ្រាមកូនកាត់ (hybrid warfare)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីពេលថ្មីៗនេះ សារព័ត៌មាន Bloomberg បានចុះផ្សាយអត្ថបទសន្ទនានៃការហៅទូរស័ព្ទកាលពីថ្ងៃទី១៤ ខែតុលា ដែលក្នុងនោះ បេសកជនរបស់លោក ត្រាំ គឺលោក ស្ទីវ វីតកុហ្វ (Steve Witkoff) បានណែនាំជំនួយការគោលនយោបាយការបរទេសរបស់លោក ពូទីន គឺលោក យូរី អ៊ូសាកូវ (Yuri Ushakov) អំពីរបៀបស្នើផែនការសន្តិភាពអ៊ុយក្រែនទៅកាន់លោក ត្រាំ។

លោក អ៊ូសាកូវ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា «នេះជារឿងមិនអាចទទួលយកបាន» ដោយបន្ថែមថា ការបែកធ្លាយនេះច្បាស់ជាមានគោលបំណងរារាំងការពិភាក្សារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ លោកបានច្រានចោលលទ្ធភាពដែលថាការបែកធ្លាយចេញពីអ្នកចូលរួមក្នុងកិច្ចសន្ទនា ហើយថាលោកនឹងលើកឡើងរឿងនេះជាមួយលោក ស្ទីវ វីតកុហ្វ (Steve Witkoff)។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេ រីយ៉ាបកូវ (Sergei Ryabkov) បានចោទប្រកាន់ថា ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកំពុងត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃសង្គ្រាមព័ត៌មានកូនកាត់ ដែលធ្វើឡើងដោយប្រទេសអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី និងមានបំណងបំផ្លាញទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន៕