កាសែតបក្សកុម្មុយនីស្ដចិន ជំរុញឱ្យសហរដ្ឋអាមេរិកប្រដៅណែនាំជប៉ុន ជុំវិញបញ្ហាតៃវ៉ាន់ (Video inside)
27-11-2025 09:42
(ប៉េកាំង)៖ នៅក្នុងអត្ថបទមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា កាសែតរបស់បក្សកុម្មុយនីស្ដចិន People's Daily បានជំរុញឱ្យសហរដ្ឋអាមេរិកជួយប្រដៅណែនាំជប៉ុន និងទប់ស្កាត់កុំឱ្យ យោធានិយមត្រឡប់មកវិញ ខណៈសង្រ្គាមពាក្យសម្ដីជាមួយទីក្រុងតូក្យូកាន់តែឡើងកម្ដៅជុំវិញការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុនអំពីកោះតៃវ៉ាន់។ នេះបើតាមដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានបង្កឱ្យមានជម្លោះការទូតជាមួយចិន នៅពេលលោកស្រីប្រាប់សមាជិករដ្ឋសភាជប៉ុន កាលពីថ្ងៃទី៧ ខែវិច្ឆិកា ថាការវាយប្រហារណាមួយរបស់ចិនដើម្បីគ្រប់គ្រងតៃវ៉ាន់អាចនឹងជំរុញឱ្យជប៉ុនធ្វើការឆ្លើយតបដោយយោធា។ នៅក្នុងអត្ថបទរបស់ខ្លួន People's Daily បានគូសបញ្ជាក់ថា «ចិន និងសហរដ្ឋអាមេរិកមានទំនួលខុសត្រូវរួមគ្នាដើម្បី ចូលរួមថែរក្សាការពារសណ្ដាប់ធ្នាប់អន្តរជាតិនៅក្រោយសង្រ្គាមលោកលើកទី២ និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយណាដើម្បីស្ដារយោធានិយមឡើងវិញ»។ កាសែតរដ្ឋចិនមួយនេះបន្ថែមថា ការលើកឡើងរបស់លោកស្រី Takaichi បានបង្កើនការព្រួយបារម្ភ និងការប្រុងប្រយ័ត្ននៅក្នុងសហគមន៍ជាតិពាក់ព័ន្ធនឹងសកម្មភាពយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់របស់ជប៉ុន។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះដែរ ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន២រូបដែលបានដឹងពីកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះរវាងលោក ត្រាំ និងលោកស្រី Takaichi បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាលោកប្រធានាធិបតីអាមេរិកបានបង្ហាញពីសេចក្ដីប្រាថ្នាចង់ឱ្យលោកស្រី Takaichi ចៀសវាងការបង្កើនជម្លោះដែលអាចធ្វើឱ្យចិនកាន់តែខឹងសម្បា។ តែលោក ត្រាំ ដែលកំពុងព្យាយាមបទឈប់បាញ់ពាណិជ្ជកម្មដ៏ផុយស្រួយជាមួយចិនមិនបានស្នើសុំជាពិសេសអ្វីពីលោកស្រី Takaichi នោះទេជុំវិញជម្លោះជាមួយចិន៕







