UPDATE: ប៉ូលិសហុងកុងចាប់ខ្លួនមនុស្ស ៣នាក់ ខណៈអ្នកស្លាប់ក្នុងអគិ្គភ័យឆេះអាផាតធឺមិនកើនដល់ ៤៤នាក់ និងជិត ៣០០នាក់បាត់ខ្លួន (Video inside)
27-11-2025 10:02
(ហុងកុង)៖ ប៉ូលិសហុងកុង នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យដ៏សម្បើមឆាបឆេះអគារអាផាតធឺមិនមួយនៅក្នុងទីក្រុងហុងកុង បានកើនដល់ ៤៤នាក់ និងមនុស្សជិត ៣០០នាក់បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមអ្នកពន្លត់អគ្គិភ័យបានចំណាយពេលពេញមួយយប់ថ្ងៃពុធម្សិលមិញ ដើម្បីពន្លត់អគ្គិភ័យឆាបឆេះអគារអាផាតធឺមិន Wang Fuk ស្ថិតនៅភាគខាងជើងនៃតំបន់ Tai Po។ អគ្គិភ័យនេះ បានឆាបឆេះកាលពីរសៀលថ្ងៃពុធ លើអគារផាតធឺមិន Wang Fuk ដែលមាន ២០០០បន្ទប់។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ ក្រុមអាជ្ញាធរហុងកុងបាននិយាយថាពួកគេបាន គ្រប់គ្រងភ្លើងឆេះបានមួយចំនួន ខណៈភ្លើង និងផ្សែងនៅតែបន្តឆេះហ៊ុយចេញពីផ្នែកខ្លះនៃអគារ។
ពាក់ព័ន្ធនឹងអគ្គិភ័យនេះដែរ ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្ស ៣នាក់ដែលជាបុគ្គលិករបស់ក្រុមហ៊ុនសំណង់សាងសង់អគារខាងលើ ក្នុងនោះរួមមាននាយក ២នាក់ និងអ្នកប្រឹក្សាវិស្វកម្មម្នាក់ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើងដើម្បីស្វែងរកមូលហេតុបណ្ដាលឱ្យអគ្គិភ័យឆាបឆេះ៕









