អ៉ីស្រាអែល បើកប្រតិបត្តិការវាយប្រហារថ្មី នៅភាគខាងជើងតំបន់ West Bank

27-11-2025 11:08

(West Bank)៖ កងកម្លាំងសន្តិសុខអ៉ីស្រាអែល បានចូលកាន់កាប់ទីតាំងក្នុងក្រុង Tubas តំបន់ West Bank កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយបានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីនមួយចំនួន ចាកចេញពីផ្ទះរបស់ពួកគេ ដែលជាការវាយប្រហារថ្មីចុងក្រោយ ក្នុងយុទ្ធនាការច្រើនខែមកហើយនៅទូទាំងទីក្រុងភាគខាងជើងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។

អភិបាលក្រុង Tubas លោក Ahmed Al-Asaad ប្រាប់ Reuters ថាកងកម្លាំងអ៉ីស្រាអែល គាំទ្រដោយឧទ្ធម្ភាគចក្រមួយគ្រឿងដែលធ្វើសកម្មភាពបាញ់ប្រហារ បានឡោមព័ទ្ធទីក្រុង និងបង្កើតទីតាំងនៅទូទាំងសង្កាត់ជាច្រើន។ លោកបញ្ជាក់ថា ការបំពានលើកនេះដូចជាមានរយៈពេលយូរជាងមុនៗ ដោយកងកម្លាំងអ៉ីស្រាអែល បានបណ្តេញប្រជាជនចេញពីផ្ទះ ចុះចតលើដំបូលអគារ និងចាប់ខ្លួនមនុស្ស។

យោធាអ៉ីស្រាអែលនិយាយថា ប្រតិបត្តិការ​របស់ពួកគេ ដែល​​ធ្វើឡើងរួមគ្នា​ជាមួយ​ប៉ូលិស និង​កម្លាំង​ស៉ើបការណ៍​សម្ងាត់​ បាន​ចាប់ផ្តើម​កាលពីព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ក្រោយ​​កំណត់​បានដំណឹងបឋម​ ថាក្រុមសកម្មប្រយុទ្ធ​ប៉ុនប៉ង​បង្កើត​ទីតាំង​ឈរជើង និងរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​។ យោធាអះអាងថាបានរកឃើញ «បន្ទប់ត្រួតពិនិត្យសង្កេតការណ៍មួយ» អំឡុងពេលឆែកឆេរផ្ទះរាប់សិបខ្នង នៅក្នុងតំបន់ West Bank។

គួរបញ្ជាក់ថា West Bank គឺជាជម្រករបស់ជនជាតិប៉ាឡេស្ទីនចំនួន ២.៧លាននាក់ ដែលមានរដ្ឋបាលគ្រប់គ្រងមួយ ក្រោមការកាន់កាប់របស់យោធាអ៉ីស្រាអែល។ ជនជាតិអ៉ីស្រាអែលរាប់រាប់ពាន់នាក់ បានតាំងទីលំនៅនៅទីនោះ៕