អតីតប្រធានាធិបតីប៉េរូ Martin Vizcarra ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំ ពីបទពុករលួយ (Video inside)
27-11-2025 11:52
(លីមា)៖ តុលាការមួយនៅក្នុងប្រទេសប៉េរូ កាលពីថ្ងៃពុធសប្តាហ៍នេះ បានកាត់ទោសអតីតប្រធានាធិបតីប៉េរូ លោក Martin Vizcarra ឱ្យជាប់ឃុំក្នុងពន្ធនាគាររយៈពេល ១៤ឆ្នាំ បន្ទាប់រកឃើញថាលោកមានទោសពីបទទទួលសំណូកជាច្រើនឆ្នាំ មុនពេលចូលកាន់តំណែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។
យោងតាមសាលក្រម លោក Vizcarra បានទទួលសំណូកស្មើនឹង ៦៧៦ ០០០ដុល្លារពីក្រុមហ៊ុនសំណង់មួយចំនួន ជាថ្នូរនឹងកិច្ចសន្យាការងារសាធារណៈ ពេលដែលលោកកាន់តួនាទីជាអភិបាលតំបន់ Moquegua ភាគខាងត្បូង ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤។ អំឡុងពេលពេញមួយសវនាការកាត់ក្តី ដែលចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន លោក Vizcarra បានបដិសេធការចោទប្រកាន់ ដោយអះអាងថា លោកជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញខាងនយោបាយ។
បន្ទាប់ពីការកាត់ទោស លោក Vizcarra បានលើកឡើងតាមបណ្តាញសង្គម X ថា «នេះមិនមែនជាយុត្តិធម៌ទេ តែជាការសងសឹក។ តែពួកគេមិនអាចបំបាក់ខ្ញុំបានឡើយ»។ ក្រុមមេធាវីរបស់លោក Vizcarra បញ្ជាក់ថា ខ្លួនបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ ដែលក៏បានហាមឃាត់លោក Vizcarra ពីការកាន់តំណែងសាធារណៈរយៈពេល ៩ឆ្នាំផងដែរ។
គួរបញ្ជាក់ថា លោក Vizcarra បានឡើងកាន់អំណាចនាឆ្នាំ ២០១៨ បន្ទាប់ពីប្រធានាធិបតីមុនលាលែងពីតំណែង។ ពីរឆ្នាំក្រោយមក លោកត្រូវបានសភាបោះឆ្នោតទម្លាក់ ចំពេលមានការស៉ើបអង្កេតអំពើពុករលួយ៕




