លោក ត្រាំ ថានឹងមិនអញ្ជើញអាហ្រ្វិកខាងត្បូង ចូលរួមកិច្ចប្រជុំ G20 ឆ្នាំក្រោយ នៅសហរដ្ឋអាមេរិកឡើយ (Video inside)

27-11-2025 13:10

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសអាហ្វ្រិកខាងត្បូង នឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល G20 នាឆ្នាំក្រោយ ដែលប្រព្រឹត្តទៅនៅទីក្រុង Miami ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋបាលលោក ត្រាំ បានធ្វើពហិការមិនចូលកិច្ចប្រជុំ ​G20 ឆ្នាំនេះ ដែលទើបតែបានប្រព្រឹត្តទៅនៅទីក្រុង Johannesburg របស់​អាហ្រ្វិកខាងត្បូង។ ជាការឆ្លើយតប ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa ក៏បានសម្រេចចិត្តមិនព្រមរៀបចំពិធីជានិមិត្តរូប នៃការផ្ទេរវេនប្រធាន G20 ឱ្យទៅប្រទេសដែលត្រូវធ្វើជាម្ចាស់ផ្ទះបន្ទាប់ គឺសហរដ្ឋអាមេរិក ដូចដែលធ្លាប់ធ្វើឡើងតាមទម្លាប់កន្លងមក។ អាហ្វ្រិកខាងត្បូង បានរងការចោទប្រកាន់ពីរដ្ឋបាលលោក ត្រាំ អំពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាពិសេសប្រឆាំងជនជាតិស្បែកស ដែលរស់នៅទីនោះ ប៉ុន្តែរដ្ឋាភិបាលអាហ្រ្វិកខាងត្បូង បានបដិសេធ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G20 ឆ្នាំក្រោយ ត្រូវបានគ្រោងរៀបចំឡើងក្នុងខែធ្នូ ឆ្នាំ២០២៦ នៅរីសតមួយកន្លែងក្នុងរដ្ឋ Florida ដែលស្ថិតក្រោមកម្មសិទ្ធិរបស់គ្រួសារលោកប្រធានាធិបតី ដូណាល់ ត្រាំ៕