ប្រធានាធិបតីប្រេស៉ីល៖ ការកាត់ទោសដាក់ពន្ធនាគារអតីតមេដឹកនាំ លោក Bolsonaro គឺជាការផ្តល់មេរៀនដល់ពិភពលោក អំពីលទ្ធិប្រជាធិបតេយ្យ (Video inside)
27-11-2025 14:34
(ប្រាស៉ីលីយ៉ា)៖ កាលពីថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ប្រធានាធិបតីនៃប្រទេសប្រេស៉ីល លោក Luiz Inacio Lula da Silva បាននិយាយថា ប្រេស៉ីលបានផ្តល់មេរៀនមួយ អំពីលទ្ធិប្រជាធិបតេយ្យ ដល់ពិភពលោក បន្ទាប់ពីអតីតប្រធានាធិបតី លោក Jair Bolsonaro ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Bolsonaro វ័យ៧០ឆ្នាំ បានចាប់ផ្តើមអនុវត្តទោសជាប់ពន្ធនាគារ រយៈពេល២៧ឆ្នាំ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីត្រូវបានកាត់ទោស ជុំវិញផែនការរារាំងមិនឱ្យលោក Lula ចូលកាន់អំណាច ក្រោយការបោះឆ្នោតកាលពីឆ្នាំ២០២២។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាសម្ព័ន្ធមិត្តរបស់លោក Bolsonaro បានចេញមុខរិះគន់សំណុំរឿងនេះ និងថែមទាំងបានដាក់ទណ្ឌកម្មក៏ដូចជាពន្ធគយធ្ងន់ៗលើប្រេស៉ីល ប៉ុន្តែមកទល់ឥឡូវ ពន្ធជាច្រើនត្រូវបានដកចេញវិញហើយ។
លោក Lula បានលើកឡើងយ៉ាងដូច្នេះថា «ម្សិលមិញ ប្រទេសនេះបានផ្តល់មេរៀនដល់ពិភពលោក អំពីលទ្ធិប្រជាធិបតេយ្យ។ ប្រព័ន្ធយុត្តិធម៌របស់ប្រេស៉ីល បានបង្ហាញភាពរឹងមាំរបស់ខ្លួន ហើយមិនកោតខ្លាចការគំរាមកំហែងពីខាងក្រៅនោះទេ។ ជាលើកដំបូងបំផុតក្នុងរយៈពេល៥០ឆ្នាំ នៃប្រវត្តិសាស្រ្តរបស់ប្រទេសមួយនេះ មានបុគ្គលដែលត្រូវបានដាក់ពន្ធនាគារ ដោយសារការប៉ុនប៉ងធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសមួយ ដែលធ្លាប់មានការប៉ុនប៉ងរដ្ឋប្រហារប៉ុន្មានលើក និងធ្លាប់បានរស់នៅក្រោមរបបយោធាផ្តាច់ការ កាលពីចន្លោះឆ្នាំ១៩៦៤ និង១៩៨៥។ អតីតប្រធានាធិបតីម្នាក់ និងនាយឧត្តមសេនីយ៍ផ្កាយបួន៤នាក់ ត្រូវបានដាក់ពន្ធនាគារ ដែលវាបង្ហាញថា លទ្ធិប្រជាធិបតេយ្យគឺអនុវត្តលើបុគ្គលគ្រប់រូបទាំងអស់»។
គួរបញ្ជាក់ថា លោក Bolsonaro ត្រូវបានរកឃើញមានទោស កាលពីខែកញ្ញា ឆ្នាំនេះ ពីបទដឹកនាំអង្គការឧក្រិដ្ឋជនមួយ ដែលគប់គិតធ្វើយ៉ាងណាឱ្យលោកនៅរក្សាអំណាច។ ផែនការនោះ រួមមានគម្រោងធ្វើឃាត លោក Lula អតីតប្រធានាធិបតី លោក Geraldo Alckmin និងចៅក្រមតុលាការកំពូល លោក Alexandre de Moraes។ ក្រុមរដ្ឋអាជ្ញាប្រេស៉ីល បាននិយាយថា ផែនការនោះបានទទួលបរាជ័យ គឺដោយសារតែខ្វះការគាំទ្រពីក្រុមថ្នាក់ដឹកនាំកំពូលៗ ក្នុងជួរយោធាប៉ុណ្ណោះ៕






