FBI ស៉ើបអង្កេតរកមូលហេតុ ដែលនាំឱ្យបុរសជនជាតិអាហ្វហ្កានីស្ថាន ហ៊ានបាញ់ប្រហារឆ្មាំជាតិ នៅក្បែរសេតវិមាន (Video inside)
27-11-2025 15:59
(វ៉ាស៉ីនតោន)៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមស៉ើបអង្កេត ដឹកនាំដោយប៉ូលិសបង្រ្កាបភេវរកម្មរបស់ FBI កំពុងស្វែងរកតម្រុយ ដែលអាចជំរុញឱ្យជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានម្នាក់ បើកការបាញ់ប្រហារលើទាហានឆ្មាំជាតិពីរនាក់ នៅចម្ងាយត្រឹមតែប៉ុន្មានប្លុកប៉ុណ្ណោះពីសេតវិមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទាហានទាំងពីរនាក់ ស្ថិតក្រោមបេសកកម្មអនុវត្តច្បាប់យោធា ដែលដាក់បញ្ជាដោយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីប៉ុន្មានខែមុន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ បន្ទាប់ពីហេតុការណ៍ដែលក្រុមមន្ត្រីហៅថា ជាការឆ្មក់វាយប្រហារថ្ងៃបុណ្យ Thanksgiving។ ការបាញ់ប្រហារកើតឡើងនៅខាងក្រៅស្ថានីយ៍រថភ្លើងក្រោមដី ក្នុងតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយក្បែរសេតវិមាន។ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានឱ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពបាញ់ប្រហារ មុនពេលត្រូវបានចាប់ខ្លួន ជាជនជាតិអាហ្វហ្កានីស្ថាន ឈ្មោះ Rahmanullah Lakanwal។
លោក ត្រាំ ដែលស្ថិតនៅរមណីយដ្ឋានក្នុងរដ្ឋ Florida ពេលមានការវាយប្រហារនោះ ចាត់ទុកជាទង្វើដ៏អាក្រក់ គួរឱ្យស្អប់ខ្ពើម និងជាទង្វើភេរវកម្ម។ លោកក៏បានណែនាំឱ្យរដ្ឋបាលរបស់លោក នឹងពិនិត្យឡើងវិញលើជនជាតិអាហ្វហ្គានីស្ថានទាំងអស់ ដែលបានចូលមកសហរដ្ឋអាមេរិក អំឡុងអាណត្តិអតីតប្រធានាធិបតី ចូ បៃដិន៕







