រថភ្លើងបុកកម្មករផ្លូវដែកស្លាប់ ១១នាក់នៅចិន ជាគ្រោះថ្នាក់ផ្លូវដែកធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង ១០ឆ្នាំ (Video inside)
27-11-2025 19:13
(គុនមីង)៖ រថភ្លើងមួយគ្រឿងបានបុកក្រុមកម្មករផ្លូវដែកនៅក្នុងទីក្រុងគុនមីង (Kunming) ភាគនិរតីនៃប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់មនុស្ស ១១នាក់ និងរបួស ២នាក់។ មន្ត្រីបានបញ្ជាក់ថា នេះជាគ្រោះថ្នាក់ផ្លូវដែកដ៏សាហាវបំផុតក្នុងប្រទេសក្នុងរយៈពេលជាងមួយទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីបានឱ្យដឹងថា រថភ្លើងដែលកំពុងធ្វើតេស្តឧបករណ៍រាវរកការរញ្ជួយដី បានបុកកម្មករនៅត្រង់ផ្លូវកោងនៃស្ថានីយ៍រថភ្លើង Luoyang Town ក្នុងខេត្តយូណាន (Yunnan)។ ស្ថានីយ៍នេះបានចាប់ផ្តើមសេវាកម្មធម្មតាវិញហើយ ខណៈមូលហេតុនៃគ្រោះថ្នាក់កំពុងត្រូវបានស៊ើបអង្កេត។
ដោយឡែក នៅថ្ងៃព្រហស្បតិ៍ដដែល កម្មករថែទាំផ្លូវដែកពីរនាក់ទៀតបានស្លាប់បន្ទាប់ពីត្រូវបានរថភ្លើងបុកនៅទីក្រុង Deyang ក្នុងខេត្តស៊ីឈួន (Sichuan)។
គួរបញ្ជាក់ថា បណ្តាញផ្លូវដែករបស់ចិនគឺជាបណ្តាញដ៏ធំបំផុតរបស់ពិភពលោក។ ទោះបីជាត្រូវបានគេសរសើរចំពោះប្រសិទ្ធភាពក៏ដោយ ក៏វាធ្លាប់ជួបឧបទ្ទវហេតុធំៗជាច្រើន ដូចជាការបុកគ្នានៅខេត្ត Zhejiang ក្នុងឆ្នាំ២០១១ ដែលសម្លាប់មនុស្ស ៤០នាក់ និងនៅខេត្ត Gansu ក្នុងឆ្នាំ២០២១ ដែលសម្លាប់មនុស្ស ៩នាក់៕




