អាជ្ញាធរហុងកុងជិតបញ្ចប់ប្រតិបត្តិការជួយសង្រ្គោះ ខណៈអ្នកស្លាប់ក្នុងអគ្គិភ័យឆេះអគារកើនដល់ ៩៤នាក់ (Video inside)

28-11-2025 09:11

(ហុងកុង)៖ អាជ្ញាធរពន្លត់អគ្គិភ័យក្នុងទីក្រុងហុងកុង បាននិយាយថាពួកគេរំពឹងថានឹងបិទបញ្ចប់ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ បន្ទាប់ពីមានអគ្គិភ័យដ៏អាក្រក់បំផុតមួយមិនធ្លាប់មានក្នុងពេលជាងជិត ៨០ឆ្នាំ នៃទីក្រុងមួយនេះដែលបានឆាបឆេះប្លុកអគារអាផាតធឺមិនដ៏ធំមួយដោយបានសម្លាប់មនុស្សយ៉ាងហោច ៩៤នាក់ និងរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមអ្នកពន្លត់អគ្គិភ័យ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា បានគ្រប់គ្រងស្ទើរតែទាំងស្រុងលើអគ្គិភ័យដែលបានឆេះបំផ្លាញអគារអាផាតធឺមិន Wang Fuk Court ស្ថិតនៅភាគខាងជើងនៃតំបន់ Tai Po។ នៅទីនោះមានអគារស្នាក់នៅកម្ពស់ខ្ពស់សរុប៨ខ្នង គិតជាបន្ទប់២០០០បន្ទប់ និងជាជម្រករបស់មនុស្សជាង ៤៦០០នាក់។ អគ្គិភ័យបានចាប់ផ្តើមកើតឡើងកាលពីរសៀលថ្ងៃពុធសប្ដាហ៍នេះក្នុងពេលដែល អគារកំពុងស្ថិតក្រោមការជួសជុលឡើងវិញ។

ប៉ូលិសហុងកុងបានឱ្យដឹងថាបុគ្គលិកក្រុមហ៊ុនសំណង់៣នាក់ត្រូវបានឃាត់ខ្លួន ពីបទសង្ស័យមនុស្សឃាតសម្រាប់ការប្រើប្រាស់សម្ភារៈគ្មានសុវត្ថិភាព ក្នុងនោះរួមមានទាំងវត្ថុងាយឆាបឆេះ។ ក្រុមអ្នកពន្លត់អគ្គិភ័យ បាននិយាយនៅថ្ងៃសុក្រនេះថាពួកគេសង្ឃឹមថានឹងបិទបញ្ចប់ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ មនុស្ស ២៧៩នាក់ត្រូវបានកត់បញ្ចូលក្នុងបញ្ជីឈ្មោះអ្នកដែលបានបាត់ខ្លួន ប៉ុន្តែតួលេខនេះមិនត្រូវបានធ្វើបច្ចុប្បន្នភាពឡើយក្នុងរយៈពេល២៤ម៉ោងមកនេះ។ នេះជាករណី គ្រោះអគ្គិភ័យដែលផ្តាច់ជីវិតមនុស្សច្រើនបំផុតនៅហុងកុង គិតចាប់តាំងពីឆ្នាំ១៩៤៨ នៅពេលដែលមនុស្ស១៧៦នាក់ បានស្លាប់ក្នុងហេតុការណ៍ឆេះឃ្លាំងស្តុកទំនិញធំមួយកន្លែង៕