លោក ដូណាល់ ត្រាំ៖ អាមេរិកនឹងធ្វើសកម្មភាពឆាប់ៗ ប្រឆាំងពួកជួញដូរគ្រឿងញៀនវ៉េណេស៊ុយអេឡាតាមផ្លូវគោក (Video inside)
28-11-2025 09:25
(PALM BEACH, Florida)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា បាននិយាយថាសហរដ្ឋអាមេរិកនឹងធ្វើសកម្មភាពឆាប់ៗនេះប្រឆាំងនឹងពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន វ៉េណេស៊ុយអេឡាតាមផ្លូវគោកវិញម្ដង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងទៅកាន់យោធាអាមេរិកតាមប្រព័ន្ធវីដេអូ។ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិចារណាលើជម្រើសពាក់ព័ន្ធនឹងវ៉េណេស៊ុយអេឡា ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលខ្លួនបាន អះអាងពីតួនាទីរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ នៅក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់ដែលបានសម្លាប់ប្រជាជនអាមេរិក។ ប៉ុន្តែលោក ម៉ាឌូរ៉ូបានច្រានចោលការចោទប្រកាន់បែបនេះ និងទទូចថាលោកមិនមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ឡើយ។ បច្ចុប្បន្ន យោធាអាមេរិកកំពុងផ្ដោតលើការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀននៅលើតំបន់សមុទ្រ Caribbean និងប៉ាស៊ីហ្វិក ដោយគិតចាប់តាំងពីខែកញ្ញាមក ការវាយប្រហាររបស់យោធាអាមេរិកបានសម្លាប់មនុស្សយ៉ាងហោច ៨៣នាក់។
មានសេចក្ដីរាយការណ៍ពីលទ្ធភាពនៃការបង្កើនសកម្មភាពវាយប្រហារនាប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ខណៈយោធាអាមេរិកបានដាក់ពង្រាយកងកម្លាំងទៅកាន់តំបន់ Caribbean និងចំពេលទំនាក់ទំនងជាមួយវ៉េណេស៊ុយអេឡា កាន់តែតានតឹងឡើង។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើការស្រង់សម្ដីពីក្រុមមន្ត្រីអាមេរិក៤រូប បានឱ្យដឹងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថាសហរដ្ឋអាមេរិកកំពុងពិចារណាបើកដំណាក់កាលថ្មីមួយនៃ ប្រតិបត្តិការពាក់ព័ន្ធនឹងវ៉េណេស៊ុយអេឡា៕




