លោក ពូទីន ថានឹងបន្តធ្វើសង្រ្គាម រហូតទាល់តែអ៊ុយក្រែនយល់ព្រមកាត់ទឹកដីរុស្ស៉ី (Video inside)
28-11-2025 10:52
(ប៊ីស្កេក, កៀហ្ស៉ីស៊ីស្ថាន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកាបាននិយាយថាលោកនឹងបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន ប្រសិនបើទីក្រុងកៀវយល់ព្រមដកទ័ព ចេញពីទឹកដីដែលទីក្រុងមូស្គូអះអាងថាជារបស់ខ្លួន បើពុំដូច្នោះទេកងកម្លាំងរុស្ស៉ីនឹងបន្តធ្វើសង្រ្គាមដើម្បីដណ្ដើមយកទឹកដីទាំងនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កងទ័ពរុស្ស៉ីកំពុងមានភាពរីកចម្រើននៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនដោយវាយដណ្ដើមបានទឹកដីអ៊ុយក្រែនជាបន្តបន្ទាប់ បើទោះជាល្បឿននៃការរីកចម្រើននោះមានភាពយឺតយ៉ាវក៏ដោយ។ ព្រមពេលជាមួយគ្នា ទីក្រុងវ៉ាស៊ីនតោនបានជំរុញការបិទបញ្ចប់សង្រ្គាមជាថ្មី ដោយបានស្នើឡើងនូវផែនការដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលក្នុងនោះតម្រូវឱ្យអ៊ុយក្រែនកាត់ទឹកដីឱ្យរុស្ស៉ី។
ថ្លែងអំឡុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកៀហ្ស៉ីស៊ីស្ថាន លោក ពូទីន បានគូសបញ្ជាក់ថា «ប្រសិនបើកងកម្លាំងអ៊ុយក្រែនដកចេញពីទឹកដីដែលពួកគេកំពុងកាន់កាប់ នោះយើងនឹងបញ្ឈប់ប្រតិបត្តិការប្រយុទ្ធ។ តែប្រសិនបើពួកគេមិនព្រមទេ នោះយើងនឹងសម្រេចគោលដៅដោយមធ្យោបាយយោធា»។
គួរបញ្ជាក់ថា រុស្ស៉ីកំពុងគ្រប់គ្រង ១ភាគ៥នៃទឹកដីអ៊ុយក្រែនទាំងមូល ហើយបញ្ហាទឹកដីនេះដែរត្រូវបានទីក្រុងកៀវ ជាពិសេសលោក ហ្សេលេនស្គីបាននិយាយថានឹងមិនបោះបង់ចោលដាច់ខាត និងកំពុងក្លាយជា ឧបសគ្គធំរាំងស្ទះដល់ដំណើរការស្វែងរកសន្តិភាព។ ចំណែក បញ្ហាសំខាន់មួយទៀតរបស់អ៊ុយក្រែន គឺការធានាសន្តិសុខពីលោកខាងលិចដែលមានទម្រង់ដូច NATO ដើម្បីរារាំងកុំឱ្យរុស្ស៉ីបើកការវាយប្រហារជាថ្មីណាមួយនៅពេលអនាគត៕






