អាល្លឺម៉ង់ បញ្ចេញយោបល់ថា លោក ត្រាំ គួរអញ្ជើញអាហ្រ្វិកខាងត្បូងមកប្រជុំ G20 នៅឆ្នាំក្រោយ (Video inside)

28-11-2025 11:19

(បែរឡាំង)៖ អាល្លឺម៉ង់ បានប្រកាសថានឹងព្យាយាមបញ្ចុះបញ្ចូល លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ឱ្យចៀសវាងការសម្រេចចិត្ត ដកវត្តមានអាហ្វ្រិកខាងត្បូងចេញពីកិច្ចប្រជុំកំពូល G20 ឆ្នាំក្រោយ បន្ទាប់ពីការអះអាងដែលថាប្រទេសនេះ បានធ្វើបាបជនជាតិអាមេរិកស្បែកស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ទីក្រុងវ៉ាស៉ីនតោន បានធ្វើពហិការកិច្ចប្រជុំ G20 ក្នុងខែនេះ ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្សនៅអាហ្វ្រិកខាងត្បូង។ បើតាមលោក ត្រាំ អាហ្រ្វិកខាងត្បូងនឹងមិនត្រូវបានអញ្ជើញ ឱ្យចូលរួមកិច្ចប្រជុំកំពូលនាឆ្នាំក្រោយ ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះនោះទេ។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានបានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងបែរឡាំង យ៉ាងដូច្នេះថា «តាមទស្សនខ្ញុំ G7 និង G20 គឺជាសម្ព័ន្ធភាពដែលមិនគួរត្រូវបានល្អក់កករ ដោយសារតែរឿងតូចតាចនោះទេ។ ខ្ញុំនឹងព្យាយាមបញ្ចុះបញ្ចូលគាត់ (លោក ត្រាំ) ឱ្យអញ្ជើញរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងផងដែរ»។

គួរបញ្ជាក់ថា លោក ត្រាំ បានចោទប្រកាន់ម្តងហើយម្តងទៀតថា រដ្ឋាភិបាលដឹកនាំដោយជនជាតិស្បែកខ្មៅភាគច្រើន នៅអាហ្វ្រិកខាងត្បូង បានធ្វើទុក្ខបុកម្នេញលើជនជាតិស្បែកស ហើយក៏ធ្លាប់លើកចំពីបញ្ហានេះ ចំពោះមុខប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa ផងដែរ៕